រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា គោលការណ៍«ឆន្ទៈល្អ» ទទួលបានការគាំទ្រ
ចេញផ្សាយ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងបានដឹកនាំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការប៉ាណូសារអប់រំគោលការណ៍ “ឆន្ទៈល្អ” កាលពីថ្ងៃទី១០តុលានៅតាមដងផ្លូវជាតិលេខ៦អា។
នៅលើប៉ាណូនេះ មានសរសេរសារអប់រំគោលការណ៍ “ឆន្ទៈល្អ” ថា «ប្រើប្រាស់គ្រឿងស្រវឹង ប៉ះពាល់ដល់សុខភាព តាំងពីកែវដំបូង» «ទទួលទានគ្រឿងស្រវឹង សូមកុំបើកបរ»និង «ប្រើប្រាស់គ្រឿងស្រវឹង អាចបង្កឱ្យកើតអំពើហិង្សា សង្គម គ្រួសារ និងផ្លូវភេទ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាការលើកប៉ាណូសារអប់រំគោលការណ៍ “ឆន្ទៈល្អ” នេះគឺជាការផ្លាស់ប្តូរឥរិយាបទក្នុងការធ្វើទីផ្សារឧស្សាហកម្មគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ ហើយធានាបាននូវ សុខុមាលភាពសាធារណៈ ។
ការដាក់សារអប់រំធំ និងស្លាកសញ្ញាផលិតផលតូច គឺជាការចាប់ផ្តើមក្នុងការចូលរួមផ្តល់សារអប់រំ រំឭកបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់គ្រឿងស្រវឹងដោយការទទួលខុសត្រូវ ហើយក៏ជាការបញ្ជាក់ពីឆន្ទៈល្អរបស់ក្រុមហ៊ុនផលិតគ្រឿងស្រវឹងពីទំនួលខុសត្រូវដល់សង្គមរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហោះរូបសម្ពោធជាផ្លូវការប៉ាណូសារអប់រំគោលការណ៍ “ឆន្ទៈល្អ” និងសរសេរនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនថា« ក្នុងនាមប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង, ខ្ញុំជឿជាក់ថាបងប្អូននឹងគាំទ្រគោលការណ៍ឆន្ទៈល្អនេះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ល្អ ធានាបាននូវសុខភាពសាធារណៈ និងសុខដុមនីយកម្មសង្គម»។
បើតាមឯកឧត្តមរដ្ឋមន្ត្រី គឺការគោរពគោលការណ៍«ឆន្ទៈល្អ» មានន័យថា គេមិនត្រូវបំពាន លើលក្ខខណ្ឌនៃការផ្សាយពាណិជ្ជកម្ម លើកស្ទួយការប្រកួតប្រជែងលើទីផ្សារដោយស្មើភាពនិងដោយស្មោះត្រង់ ហើយប្រតិបត្តិក្រមសីលធម៌នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
គោលការណ៍«ឆន្ទៈល្អ» បានកើតឡើងស្របគ្នាជាមួយការលុបបំបាត់ប៉ាណូផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវ ដែលកំពុងមានចលនានៅតាមខេត្តដូចជាខេត្តតាកែវ និងខេត្តកំពតជាដើម។
នៅក្នុងសិក្ខាសាលារៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា កាលពីថ្ងៃទី១០តុលា២០២៤តំណាងវិស័យឧស្សាហកម្មគ្រឿងស្រវឹង ក៏បានប្តេជ្ញាចិត្តលុបបំបាត់ការធ្វើទីផ្សារឧស្សាហកម្មគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ ហើយជំនួសមក វិញនូវការផ្លាស់ប្តូរឥរិយាបទការធ្វើទីផ្សារ ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាពសាធារណៈ ឬសារព្រមានគ្រោះថ្នាក់ដែលបង្កឡើងដោយការទទួលទានគ្រឿងស្រវឹងនេះដែរ។