ព័ត៌មានជាតិ

រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន

រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន

ព្រៃវែង:នៅរសៀលថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលរងក្រុង ស្រុកទាំង ១៣ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធ សរុបអ្នកចូលរួម ចំនួន ៨១នាក់ នៅបន្ទប់ប្រជុំ C របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង។

#. ជាកិច្ចចាប់ផ្តើម ខ្ញុំបាទ ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានគោរពរាយការណ៍ជូននូវរបាយការណ៍ស្តីពីលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំបាទ បានគោរពរាយការណ៍ជូនបន្ថែមអំពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ជូនគណៈអធិបតី និងអង្គពិធីទាំងមូល។

#. ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត មានមតិចំណាប់អារម្មណ៍លើការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងបានពួតដៃគ្នាយ៉ាងសស្រាក់សស្រាំ និងសម្រេចឱ្យបាន ODF plus នៅពេលខាងមុខ ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតដូចខាងក្រោម:
ខេត្តព្រៃវែងបច្ចុប្បន្ននៅតែបន្តការរីកចម្រើនជាបន្តបន្ទាប់ បើទោះបីកន្លងមកនេះ មានព្រឹត្តិការណ៍នយោបាយមួយចំនួនទាំងនៅក្នុងតំបន់ និងអន្តរជាតិដែលបង្កនូវអស្ថេរភាពក្នុងសង្គមខ្លះៗក៍ដោយ ក៍រាជរដ្ឋាភិបាលរក្សាបាននូវ ម៉ាក្រូសេដ្ឋកិច្ច សន្តិសុខសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ ដោយបានអនុវត្តស្របតាមទិសដៅ គោលបំណង និង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺ ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ របស់រាជរដ្ឋាភិ បាលដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ផ្អែកលើបាវចនា ចំនួន៥គឺ: កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ (ទី១)ធានាឱ្យ បានកំណើនសេដ្ឋកិច្ចខ្ពស់ (ទី២)បង្កើតការងារឱ្យបានកាន់តែច្រើន (ទី៣)សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាព ក្រីក្រ, (ទី៤) បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង(ទី៥)ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ជាមួយនេះរាជរដ្ឋាភិបាលបានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥រួមមាន: មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានយកអស់កម្លាំងកាយ និងស្មារតី សហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងអង្គការដៃគូ ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យ និងស្នាដៃដ៏ធំធេងជាច្រើនជូនរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ។

ឯកឧត្តម អស់លោក លោកស្រី បានឃើញយ៉ាងច្បាស់អំពីសមិទ្ធិផលនានាដែលមន្ទីរអភិវឌ្ឍន៍ជនបទសម្រេច បានក្នុងខេត្ត ហើយបានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស និងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ មានដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ មានផ្លូវគ្រប់ច្រកល្ហកតាមជនបទ ធ្វើឱ្យការចរាចរពីទីប្រជុំជន ទៅទីជនបទ ភូមិ-ឃុំទំនាក់ទំនងគ្នាបានគ្រប់រដូវ មានស្ពាន លូ ជាច្រើនបង្កើតបានជាប្រព័ន្ធស្រោចស្រព និងអាចរំដោះ ទឹកពេលមានគ្រោះទឹកជំនន់។ ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទត្រូវបានកែលម្អ ដោយទទួលបានលទ្ធផលលើសផែនការគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ទាំងអស់នេះសរបញ្ជាក់យ៉ាងច្បាស់ថា៖ការងារអភិវឌ្ឍន៍ជនបទពិតជាពុំអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធនានានៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាម្ចាស់ជំនួយ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាពលរដ្ឋ។

#. បន្ទាប់មក ឯកឧត្តម ជួប សំអាត បានអាននូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១៣ចំណុច របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានដូចខាងក្រោម៖
ទី១.ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំគោលនយោបាយស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ និង គោលនយោបាយស្តីពីផ្លូវជនបទឱ្យបានឆាប់បំផុត សម្រាប់ ប្រើប្រាស់ជាឯកសារគតិយុត្តលើការងារជំរុញ និង លើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទ។
ទី២.សម្តេចធិបតី លើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និង អភិវឌ្ឍការងារស្ថាបនា ជួសជុល លើកកម្រិត និង កែលម្អផ្លូវជនបទ តាមរយៈ បច្ចេកវិទ្យាថ្មីៗ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការស្ថាបនា លើកកម្រិត និង កែលម្អផ្លូវជនបទធន់នឹងការ ប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយផ្សេងៗ ដើម្បីធានាគុណភាពនៃការ ប្រើប្រាស់បានយូរអង្វែង។
ទី៣.ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និង ជួសជុលផ្លូវជនបទឱ្យកាន់តែមានគុណភាពខ្ពស់ និង ធានាបានការប្រើប្រាស់គ្រប់រដូវ, ជាពិសេសផ្លូវជនបទដែលបានក្រាលកៅស៊ូពីរជាន់រួច, ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល គឺពង្រឹងគុណ- ភាព ៧០% និង ពង្រីកការតភ្ជាប់ ៣០% ។
ទី៤. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងអាជ្ញាធរ រាជធានី-ខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធ លើការងារ ៖ ១) រៀបចំ ផែនទីផ្លូវ ធ្វើបញ្ជីសារពើភ័ណ្ឌ និង ដាក់លេខផ្លូវឱ្យបានត្រឹមត្រូវផ្អែកតាមលិខិត បទដ្ឋានគតិយុត្តជាធរមាន, និង ២) រៀបចំធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៤១ ស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងគោលដៅការពារផ្លូវថ្នល់ សម្រាប់សាធារណជនប្រើប្រាស់បានយូរអង្វែង និង វិសោធនកម្មអនុក្រឹត្យលេខ ១៩៧ ស្តីពីការគ្រប់គ្រង ដីចំណីតាមបណ្តាញផ្លូវជាតិ និង ផ្លូវរថភ្លើង ដោយបញ្ចូលបន្ថែមនូវដីចំណីផ្លូវតាម បណ្តោយផ្លូវខេត្ត និងផ្លូវជនបទ ក្នុងគោលដៅរក្សាដីចំណីផ្លូវគ្រប់ប្រភេទសម្រាប់ ការអភិវឌ្ឍ និង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូប នៅពេលអនាគត។
ទី៥.ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ ឱ្យបាន នូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ ប្រភេទលើផ្លូវជនបទ និង ត្រូវសហការអប់រំ និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់ នៅតាមសងខាងផ្លូវជនបទឱ្យបញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវ ដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ ។
ទី៦.សម្តេចធិបតី លើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួង- ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និង ឧតុនិយម និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ច របស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើឱ្យរាំងស្ទះ ឬ យឺតយ៉ាវដល់ ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។
ទី៧.ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តលើកកម្ពស់ និង កែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការពង្រឹងការអនុវត្តយន្តការដែលមានស្រាប់ ដើម្បីឈានទៅសម្រេចឱ្យបានតាមគោលដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និង ការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលបានកំណត់ថានៅឆ្នាំ២០៣០ ត្រូវសម្រេចឱ្យបានអត្រា គ្របដណ្តប់ទឹកស្អាត និង អនាម័យ១០០% នៅទូទាំងប្រទេស។
ទី៨.ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តជំរុញ និង ពង្រីកសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និង កាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ ដោយ ជំរុញការបង្កើតមុខរបរ សហគ្រិនភាព និង សកម្មភាពសេដ្ឋកិច្ចនានា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើតការងារ និង បង្កើនប្រាក់ចំណូលតាមរយៈការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍ និង ការអភិរក្សសហគមន៍ជនជាតិដើមភាគតិច។

ទី៩.

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៥១ អនក្រ.បក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ ស្តីពីការធ្វើវិសោធនកម្មលើអនុក្រឹត្យលេខ ៧៨ អនប្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើបច្ចុប្បន្នភាពមុខងារ និង ភារកិច្ចរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងការងារប្រចាំថ្ងៃ ស្របតាមការវិវត្តរបស់សង្គម សេដ្ឋកិច្ច និង បច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តបង្កើន និង ពង្រឹង ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅគ្រប់កម្រិត ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ និង អភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយយកចិត្តទុកដាក់ លើការលើកទឹកចិត្ត និង ចាត់តាំងមន្ត្រីឱ្យស្របតាមគុណាធិបតេយ្យ សំដៅបម្រើ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។
ទី១០.ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រីក និង ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយ បណ្តាភាគីពាក់ព័ន្ធ, ដូចជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និង បរទេស វិស័យឯកជន និង បណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធាន ទាំងហិរញ្ញវត្ថុ និង បច្ចេកទេសសម្រាប់រួមចំណែកគាំទ្រវិស័យអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
ទី១១. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និង គ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៅតាមជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និង តំបន់វាលទំនាប។
ទី១២. សម្តេចធិបតី ណែនាំឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គម និង វប្បធម៌របស់ប្រជាជនជនបទទូទៅ ដោយរួមបញ្ចូលទាំងជនជាតិភាគតិច ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវ ភាពក្រីក្រ និង ភាពខុសគ្នារវាងអ្នកជនបទ និង អ្នកទីក្រុង។
ទី១៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍជនបទ ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់ខ្លួន គឺធានាការបង្កើនប្រាក់ ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និង ធានាសុខុមាលភាព នៃការរស់នៅរបស់ប្រជាជននៅជនបទឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែក ដល់ការសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

#. ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថ្លែងអំណរគុណ រដ្ឋបាលខេត្តព្រៃវែង ដែលតែងតែគាំទ្រកម្មវិធីគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសបានជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងសមិទ្ធផលផ្សេងៗជាច្រើនទៀត និងសូមអរគុណ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចទៅតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនលើការងារវិស័យអភិវឌ្ឍន៍ជនបទ ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ដឹកនាំមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែងរួមមានដូចតទៅ៖
– ការងារធនធានមនុស្ស សូមឱ្យមន្ទីរមានការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលសកម្មការងារ។
– សូមឱ្យមន្ទីរបន្តសហការជាមួយមន្ទីរជុំវិញខេត្ត ជាពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូន ដើម្បីសិក្សាលើ
លើផ្លូវជនបទដែលមានការខូចខាតដោយសារការដឹកលើសទម្ងន់កំណត់ និងការចាក់ដីតាមចំណីផ្លូវ។
-សូមឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវស្រង់ទិន្នន័យការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០% និងសម្រេចឱ្យបាន ODF plus នៅពេលខាងមុខ។
-សូមឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវរៀបចំផែនការកំណត់ទីតាំងគោលដៅសម្រាប់ជ្រើសរើសភូមិគំរូ និងចុះស្រាវ ជ្រាវទិន្នន័យភូមិគំរូ។
-ការងារទស្សនៃវិស័យបការបង្កើតបុរីជនបទ នាពេលអនាគតសហការជាមួយក្រសួងដែនដី។ គំនិតជាគោល របស់បុរីជនបទ ត្រូវមានសាលារៀន មណ្ឌលសុខភាព ផ្សារ វត្តអារាម ភ្លើង ទឹក និងសោភ័ណភាពបៃតង។
-បន្តពង្រឹងសមត្ថភាពមន្ត្រីរាជការ និងពង្រឹងស្ថាប័ន ឱ្យស្របតាមសម័យឌីជីថល ក្រសួងបានចុះ MOU ជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីមានភាពងាយស្រួលក្នុងការចរាចរឯកសារ និងធ្វើការកាត់បន្ថយក្រដាសនាពេលអនាគត ព្រមទាំងប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការទទួលសេវាពីរដ្ឋ។
-ការសាមគ្គីភាពគ្នាផ្ទៃក្នុង រវាងមន្រ្តីជាមួយប្រធាន មន្រ្តី ជាមួយមន្រ្តីតាមរយៈការយោគយល់គ្នាដើម្បីសម្រេចបាន កិច្ចការផ្សេងៗ អោយកាន់តែប្រសើរ និងបន្តអនុវត្តតាមកម្មវិធីទាំង៤របស់ក្រសួង។

Leave a Reply

Your email address will not be published. Required fields are marked *