ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាជំរុញនិងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាជំរុញនិងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀត
ចេញផ្សាយ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យរួមគ្នាជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់ តែមានភាពខ្លាំងក្លាថែមទៀត ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច តាមជនបទមានភាពរស់រវើក ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុក និងការពង្រឹងភាពជាម្ចាស់ នៃសហគមន៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨ បានមានប្រសាសន៍ថា តួនាទីមិនអាចខ្វះបានរបស់គណៈកម្មាធិ ការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីបន្តដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមគ្នាសម្រេច ឱ្យបាននូវចក្ខុវិស័យ គោលនយោបាយជាតិ ជំរុញចលនាភូមិមួយផលិតផលមួយដែលបានដាក់ចេញ សំដៅរួមចំណែក ប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍ មានមុខមាត់ជាសង្គមស៊ីវិល័យប្រកបដោយមោទនភាព លើឆាកអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបន្តដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការជំរុញ ចលនាភូមិមួយផលិតផលមួយ៥ឆ្នាំ លើកទី២ (២០២៤-២០២៨) នៅតែមានភាពចាំបាច់ ដើម្បី កំណត់នូវក្របខ័ណ្ឌការងារមួយ ដែលមាន លក្ខណៈប្រទាក់ក្រឡាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់នូវកិច្ចអន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា លើបញ្ហា ប្រឈមទាំងឡាយដែលកំពុងមាន ឬនឹងមាននៅតាមមូលដ្ឋាន ដែល កសិករ សេវាករ និងផលិតករ គ្រប់ប្រភេទ ជួបប្រទះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ដើម្បីសម្រេចបាននូវសូចនាករទាំងឡាយ ដែលបាន ដាក់ចេញក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រនេះ សម្តេចធិបតីសូមអំពាវនាវដល់ក្រសួង ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយទាំងអស់ ទាញយក សកម្មភាពគន្លឹះពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន កសាងលម្អិត និងបញ្ជ្រាបចូលក្នុងផែនការ យុទ្ធសាស្ត្ររបស់ក្រសួង ស្ថាប័នខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់និងស្របទៅតាមស្មារតី គណនេយ្យភាព សមិទ្ធកម្ម។

Leave a Reply

Your email address will not be published. Required fields are marked *