បណ្ឌិតគិន ភា អំពាវនាវដល់ខ្មែរក្រៅប្រទេសចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគិន ភា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតាំងខ្លួនជាអ្នកស្នេហាជាតិសូមចូលរួមគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិពិតប្រាកដ។
លោកបណ្ឌិតបានលើកឡើងថា អ្នកដែលតាំងខ្លួនជាអ្នកស្រលាញ់ជាតិពិតប្រាកដ ត្រូវតែជួយជាតិ តាមរយៈមធ្យោបាយសមស្របណាមួយ បើមិនបានចូលរួមជាទឹកប្រាក់ទេ យ៉ាងហោចណាស់ក៏ចូលរួមជាទឹកចិត្ត ក្នុងការសាទរ មិនគួរធ្វើជាចរន្តទប់ស្កាត់ ឬធ្វើឱ្យខូចផែនការដ៏ល្អរបស់រដ្ឋាភិបាលនោះទេ។
លោកថ្លែងថា៖«បើបងប្អូនពិតជាស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់ព្រំដែនយើងមែន សូមឱ្យចូលរួមចំណែកតិចក្តីច្រើនក្តី ជាកម្លាំងចិត្ត ជាផ្នែកស្មារតីផង ជាទឹកប្រាក់ផង រាជរដ្ឋាភិបាលអត់បានបង្ខំបងប្អូនទេ ហើយកុំគិតថាជាការជញ្ជក់ឈាមប្រជាពលរដ្ឋ មិនមែនជាការជញ្ជក់ទេ»។
លោកបណ្ឌិត បានអំពាវនាវដល់អ្នកដែលតាំងខ្លួនជាអ្នកស្នេហាជាតិបានតែសម្តី ប៉ុន្តែសកម្មភាពពិតបែរជារិះគន់បន្តុះបង្អាប់ការចូលរួមអភិវឌ្ឍប្រទេសនោះ គួរឈ្វេងយល់ឱ្យបានច្បាស់ពីគោលបំណងពិតរបស់រាជរដ្ឋភិបាល ដែលមិនត្រឹមតែការពារទឹកដី ព្រៃឈើ ធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើវិស័យកសិកម្ម ដឹកជញ្ជូន វិស័យទេសចរណ៍ បង្កើតជាភូមិករស់រវើកសម្រាប់ពលរដ្ឋនៅតាមបណ្តោយព្រំដែន។
លោកថ្លែងថា៖«បងប្អូនដែលមិនទាន់មានជំនឿ ឬទំនុកចិត្តលើការបង្កើតមូលនិធិហ្នឹងគឺ សុំឱ្យគាត់ពិចារណាឡើងវិញ ហើយមូលនិធិនេះគឺមិនមែនជាការបង្ខិតបង្ខំ ជាការដាក់កាតព្វកិច្ច ឬដាក់កំណត់អីទេ គឺជាការចូលរួមចំណែកដោយស្ម័គ្រចិត្តសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី ព្រៃភ្នំ ព្រំដែនរបស់យើង»។
លោកបញ្ជាក់ថា អ្នកដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល មិនមានចេតនាឱនលំទោន ឬទ្រពង ដូចមតិមួយចំនួនចោទប្រកាន់នោះទេ ប៉ុន្តែជាទឹកចិត្តស្មោះសរបរិសុទ្ធពិតប្រាកដ ចង់ឃើញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់នៅព្រំដែន៕