ព័ត៌មានជាតិ

លោក ពុយ គា បញ្ជាក់ថាបើទោះបីជាមានសារព័ត៌មានខ្លះបិទ តែការផ្សព្វផ្សាយបំរើសង្គមមិនបាត់បង់នោះទេ

លោក ពុយ គា បញ្ជាក់ថាបើទោះបីជាមានសារព័ត៌មានខ្លះបិទ តែការផ្សព្វផ្សាយបំរើសង្គមមិនបាត់បង់នោះទេ
ចេញផ្សាយ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៤
MoINFO APP

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបំភ្លឺថា នៅពេលមានស្ថាប័នសារព័ត៌មានខ្លះបានបិទទ្វារនៅកម្ពុជាកន្លងមកនេះ ប៉ុន្តែស្ថាប័នសារព័ត៌មានថ្មីត្រូវបានបង្កើតបន្តវេនហើយបានផ្សព្វផ្សាយព័ត៌មាន បំរើប្រជាពលដ្ឋ និងសង្គមជាតិ។

លោក ពុយ គា បានប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងពត៌មាននៅថ្ងៃទី៣កក្កដានេះថា «ការបិទស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជាគឺជារឿងធម្មតា ហើយក៏មិនមែនមានតែនៅកម្ពុជានោះទេ នៅប្រទេសផ្សេងៗក៏មានដូចគ្នា។

ដោយឡែកសម្រាប់នៅប្រទេសកម្ពុជាយើងនេះ ស្ថាប័នមួយចំនួនបើទោះបីជាមានការបិទ ក៏អ្នកដែលមានវិជ្ជាជីវៈខាងសារព័ត៌មានបានបំប្លែងខ្លួនទៅស្ថាប័នថ្មីៗដែលបង្កើតថ្មី ក្នុងនោះក៏ចូលបំរើក្នុងជួររាជរដ្ឋាភិបាលតាមបណ្ដាក្រុមហ៊ុនស្ថាប័នផ្សេងៗក៏សុទ្ធតែជាធនធានដ៏សំខាន់ដែលបន្តជួយដល់ស្ថាប័នទាំងអស់នោះហើយក៏ជួយដល់ប្រជាពលរដ្ឋនិងសង្គមជាតិរបស់យើងដែរពីព្រោះធនធាន អ្នកដែលចេះទាំងអស់នោះ អត់មានបាត់បង់ណាទេ។

ទន្ទឹមនេះក៏យើងឃើញមានការលេចឡើងនូវសារព័ត៌មានថ្មីៗហើយអ្នកដែលចូលប្រឡូកក្នុងអាជីពសារព័ត៌មាននេះក៏មានច្រើនដែរជាយុវជនជំនាន់ក្រោយនេះមានអ្នកពូកែៗច្រើនដែរ។បើទោះបីជាបទពិសោធន៍នៅខ្វះខាតក៏ប៉ុន្តែពួកគាត់ពូកែខាងបច្ចេកវិជ្ជាដឹងទូលំទូលាយខាងភាសាគឺពួកគាត់ល្អជាងអ្នកសារព័ត៌មានចាស់ៗទៅទៀត។

ដូចនេះវាគឺជាការបំពេញអោយគ្នាទៅវិលរទៅមកទេអត់មានបាត់បង់ទៅណាទេ»៕

ការបំភ្លឺរបស់ប្រធានក្លិបអ្នកកាសែតកម្ពុជានេះបានធ្វើឡើងបន្ទប់ពីមានការលើកឡើងរបស់សមាគមសារព័ត៌មានមួយ ដែលបានលើកឡើងថាការបិទស្ថាប័នសារព័ត៌មាននៅកម្ពុជាបានធ្វើអោយអ្នកព័ត៌មានទាំងនោះបាត់បង់ការងារធ្វើហើយ ខ្វះអ្នកសរសេរព័ត៌មានសរសេរវិភាគស៊ីជំរៅសម្រាប់សាធារណជននោះ៕

Leave a Reply

Your email address will not be published. Required fields are marked *