ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យ ការងារស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង
ព្រៃវែង៖ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអមដំណេីរដោយ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ព្រមទាំងក្រុមការងារ PIU PPIU kCI និងមន្រ្តីជំនាញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ ការងារស្ថាបនាផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ស្ថិតក្នុងខេត្តព្រៃវែង ។
ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា គម្រោងផ្លូវទាំងពីរខ្សែ ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវទាំងអស់នេះឡើងដើម្បីជួយសម្រូលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមកប្រកបដោយសុវត្ថភាព។
ក្នុងនោះដែរ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានឲ្យដឹងថា៖ ផ្លូវ PV3 (ពីភូមិក្តឿងរាយ ទៅសាលាស្រុកកញ្ចៀច) មានប្រវែង ៧,២៥គ.ម ស្ថិតក្នុងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ជាប្រភេទផ្លូវកម្រាលបេតុងក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Resilient Rural Infrastructure Development) ក្រោមហិរញ្ញប្បទានដោយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។ ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវបេតុងកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប ៨ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ម៉ែត្រ និងចញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អ៊ិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture)។
បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបាន ៥២% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំក្ដឿងរាយ និងឃុំកញ្រ្ជៀច ស្ថិតក្នុងស្រុកកញ្រ្ជៀច ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP-III) ត្រង់ចំណុចភូមិក្ដឿងរាយ ស្ថិតក្នុងឃុំក្ដឿងរាយ ភ្ជាប់ទៅនឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 387A ត្រង់ភូមិប្រស្រែស្ថិតក្នុងឃុំកញ្រ្ជៀច (ទីរួមស្រុកកញ្រ្ជៀច) ខេត្តព្រៃវែង។
២-ផ្លូវភូមិកន្សោមអក ទៅភូមិចាន់រ៉ា ក មានប្រវែង ៨,០៦គ.ម ស្ថិតក្នុងស្រុកកំពង់ត្របែក ភ្ជាប់ទៅស្រុកបាភ្នំ ខេត្តព្រៃវែង ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ក្រោមគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានដោយ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB Loan: 0446A)។. ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ ទទឹងខ្នងលើសរុប ៨ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ និងចញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ជាប្រភេទក្រាលកៅស៊ូមួយជាន់)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនឈ្មោះ បុរ៉េខ្មែរ (Bore Khmer Construction Development Co.Ltd)។
បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបាន ៤៩% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម បំណាច់ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនបីគឺឃុំកន្សោមអក ស្រុកកំពង់ត្របែក ឃុំស្ដៅកោង និងឃុំស្ពឺ ខ ស្រុកបាភ្នំ ដោយបែកចេញពីផ្លូវក្រាលកៅស៊ូពីរជាន់ លេខ 313 ឆ្ពោះទៅភ្ជាប់នឹងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) លេខ 3PV1 នៃខេត្តព្រៃវែង។
ក្រោយពីស្ថាបនាផ្លូវទាំងពីរខ្សែខាងលើនេះរួច ផ្លូវនេះជាបណ្តាញតភាប់ពីជនបទទៅទីប្រជុំជនប្រកបដោយចិរភាព និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៍បានចូលរួមកម្មវិធីចែកពូជរុក្ខជាតិចំនូន ៦០៤ ដេីម និងគ្រាប់ពូជបន្លែគ្រប់ប្រភេទចំនួន១២៩០កញ្ចប់ ក្នុងកម្មវិធីអភិវឌ្ឍន៍ភូមិចម្រុះ ដែលជាថវិកាកម្មវិធីរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ក្រសួងអភិវឌ្ឍន៍ជនបទជូនដល់ប្រជាពលរដ្ឋចំនួន២៥៦គ្រួសារ នៅភូមិតាប៉ើ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ចែកពូជរុក្ខជាតិ និងគ្រាប់ពូជបន្លែគ្រប់ប្រភេទនេះ ក្នុងគោលបំណងដើម្បីជម្រុញអោយអ្នកភូមិមានស្មារតីភ្ញាក់រលឹក និងមានភាពឧស្សាហ៍ព្យាយាម, កាត់បន្ថយចំណាយសំរាប់ការទិញបន្លែផ្លែឈើនៅក្នុងគ្រួសារ, ជួយបន្ថែមនូវអាហាររូបត្ថម្ភនៅក្នុងគ្រួសារ,ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ ,ជួយឲ្យភូមិមានពណ៌បៃតង, អ្នកភូមិមានទំលាប់ក្នុងការដាំដុះ, ជួយឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងក្លាយជាភូមិគំរូដល់ភូមិដទៃទៀត។
ឯកឧត្តម ក៍បានបន្ថែមថា ទាំងអស់នេះគឺជាការគិតគូរដល់ជីវិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ