ក្រសួងព័ត៌មាន ស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំងនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី
ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣– ក្រសួងព័ត៌មាន បានស្នើដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួយគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានជាភាសាបារាំង ដើម្បីលើកស្ទួយការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។
ការស្នើបែបនេះ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្ដម M. Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការជួយគាំទ្រទៅលើការបណ្ដុះបណ្ដាលលើវិស័យព័ត៌មាននេះ ដោយសារប្រទេសបារាំង គឺមានអ្នកជំនាញសារព័ត៌មាន និងមានបទពិសោធន៍ច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីឱ្យកម្ពុជាអាចធ្វើការដកបទពិសោធន៍បន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងពីកិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឱ្យការវិវឌ្ឍនៃសង្គមឱ្យបានល្អ និងទីបី ការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល។ ជាការឆ្លើយតបគឺ ឯកឧត្តម M. Jacques Pellet បានផ្តល់នូវការគាំទ្រលើការបណ្តុះបណ្តាល ដោយសហការជាមួយនឹងដៃគូសម្រាប់អ្នកសារព័ត៌មានកម្ពុជា ។