អង្គការ WCS លែងសត្វក្ងោក និងសត្វត្រុំអាស៊ី ចំនួន៤ក្បាល ចូលទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើងនៃប្រទេសកម្ពុជា
ឮភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣–
មន្ត្រីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមអភិរក្ស សត្វព្រៃ WCS និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (Angkor Centre for Conservation of Biodiversity ACCB) បានលែងសត្វស្លាបព្រៃសំខាន់ៗចំនួន៤ ដែលរួមមាន សត្វក្ងោក និងសត្វត្រុំអាស៊ី ទៅក្នុងទីជម្រកធម្មជាតិក្នុងតំបន់ទេសភាពភាគខាងជើង ក្នុង ខេត្តព្រះវិហារ។
ក្នុងចំណោមសត្វស្លាបទាំង៤នេះ មានសត្វក្ងោកជិតពេញវ័យចំនួន៣ ដែលជាអម្បូរ ក្ងោកឥណ្ឌូណេស៊ី និងជាប្រភេទសត្វជិតផុតពូជនៅក្នុងសកលលោកដែលមានដើម កំណើតនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វក្ងោកទាំងនេះបានញាស់ និងលូត លាស់ដោយ ការថែរក្សាពីមេបារបស់វានៅក្នុងមជ្ឈមណ្ឌល ACCB រហូតដល់ពេល ដែលពួកវាអាចត្រៀមខ្លួនដើម្បីរស់នៅក្នុងទីជម្រកធម្មជាតិជាមួយសត្វព្រៃផ្សេងទៀត។