ឯកឧត្តម ប៉ែន បូណា៖ ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា គឺជាសកម្មភាពផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជានិងថៃ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៦
MoINFO APP
នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបច្ចុប្បន្នភាពជូនបងប្អូនជនរួមជាតិជ្រាបអំពីការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំ, ប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាការពារបូរណភាពទឹកដី៖ ទី១៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ មកលើប្រធានព្រឹទ្ធសភានិងនាយករដ្ឋមន្ត្រីកម្ពុជាក្នុងទម្រង់ជាពាក្យបណ្តឹងផ្លូវច្បាប់ ដែលបានដាក់ទៅតុលាការក្នុងប្រទេសថៃ ទាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថា ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា គឺជាសកម្មភាពផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជានិងថៃ ព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាក៏បានបញ្ជាក់ថា ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេសសកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេ ហើយវាក៏មិនស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍នោះដែរ។ ដូច្នេះ កម្ពុជាជំរុញឱ្យប្រទេសថៃចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយការវិវត្តន៍ដ៏គួរឱ្យសោកស្តាយនេះ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងការរៀបចំនានា ដើម្បីកាត់បន្ថយភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្តារទំនុកចិត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។
ទី២៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដដែល៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ ក្នុងឱកាសនោះ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦ និងបានសង្កត់ធ្ងន់លើការជំរុញឱ្យអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ដែលស្របទៅនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ។ កិច្ចប្រជុំនេះក៏បានពិភាក្សាបន្តអំពីវឌ្ឍភាព នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពី ស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាក៏បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។