ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពអបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស និងលើកឡើងពីសមិទ្ធផលជាច្រើនរបស់គណបក្សជូនសមាជិកនៅមូលដ្ឋានខេត្តក្រចេះ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពអបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស និងលើកឡើងពីសមិទ្ធផលជាច្រើនរបស់គណបក្សជូនសមាជិកនៅមូលដ្ឋានខេត្តក្រចេះ
ចេញផ្សាយ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥
MoINFO APP

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងសមាជិក សមាជិកាប្រមាណ ១២០០ នាក់នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ។

នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីសមិទ្ធផលជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា សម្រេចជូនជាតិកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ ក្នុងរយៈពេលប្រមាណ ៤៦ឆ្នាំ ក្រោយវាយផ្តួលរំលំរបប ប៉ុល ពត ហើយនោះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស, គណបក្ស ប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិ។ ឯកឧត្តមបានថ្លែងថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមកអាចជំនួសគណបក្សប្រជាជនកម្ពុជាក្នុងតួនាទីស្នូលការពារសន្តិភាព អភិវឌ្ឍជាតិ ការពារប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដីបានឡើយ។

បន្ថែមពីនេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយនៅក្នុងដំណាក់កាលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនេះ គណបក្សប្រជាជនកម្ពុជា មិនបានបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនោះទេ។ ពោលគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលនៅមួយប្រជាជន បង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

Leave a Reply

Your email address will not be published. Required fields are marked *