ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?
……
រាប់ចាប់ពីវិនាទីដ៏អាក្រក់ជូរជាតិបំផុត ដែលទាហានថៃឆ្មក់បាញ់ប្រហារ បណ្ដាលឱ្យកងទ័ពកម្ពុជាពលីទាំងថ្ងៃមិនទាន់រះ កាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ខេត្តព្រះវិហារ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ភាគីថៃ ទាំងថៃរដ្ឋាភិបាល ថៃកងទ័ព និងក្រុមថៃប្រឆាំងថៃ បានចែកជើងគ្នារកនឹកធ្វើសកម្មភាពបង្កហេតុ បង្វែរសាច់រឿង កាយកប់ត្រឡប់គ្រប បំភ័ន្តសាធារណមតិថៃខ្លួនឯង និងសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដើម្បីសម្រាលអំពើស្មោកគ្រោកបង្កនៅតំបន់មុំ៣ បន្លប់រឿងនយោបាយបែកបាក់ផ្ទៃក្នុងដ៏រ៉ាំរៃ និងបិទបាំងដំណើរលើថ្មមាត់ជ្រោះដ៏ផុយស្រួយនៃរាជរដ្ឋាភិបាលបច្ចុប្បន្ន។
មិនចង់លម្អិតច្រើនលើទង្វើមិនសុីវិល័យរបស់ថៃ គិតត្រឹមសភាពការណ៍ព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បន្ទាប់ពីផុងខ្លួន និងវិលក្បង់អស់ក្បួន ដូចពាក្យដូនតាខ្មែរផ្ដាំកូនចៅ ថៃស្រាប់តែចេញមុខសម្ដែងដើរតួកំសត់ឱ្យជនជាតិថៃ និងសហគមន៍អន្តរជាតិជាគូកនបនភឿនខ្លួនមួយចំនួនបានទស្សនា និងជឿងប់ថា “ឥឡូវ ថៃបើកច្រកព្រំដែនអស់ហើយ នៅឡើយតែខ្មែរទេតើ ដែលបន្តបិទ ផ្ទុយពីជំហរថៃ”។ ខ្មែរមួយនគរដែលបាននិងកំពុងរួមចិត្ត និងបេះដូងគាំទ្ររាជរដ្ឋាភិបាល ក៏បន្តទស្សនាល្ខោនថៃមួយឈុតនេះទៀតដែរ។ ដោយឡែកសហគមន៍អន្តរជាតិ ជាទូទៅ ក៏ប្រហែលជាផ្ដើមជ្រេញនឹងទង្វើថៃអស់ហើយ ដ្បិតពួកគេក៏តាមមិនទាន់ក្បួនល្បិចបែបកូនក្មេងរបស់ថៃដែរ។
សូមសាធារណជនជួយពិចារណា? បើកតែទ្វារច្រក តែមិនឱ្យមនុស្សឆ្លងកាត់ជាសាធារណៈ តើនេះឥរិយាបថអ្វី? ទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោស និងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ។ បើថៃមានសុចរិតភាព និងបើកច្រកទាំងអស់ជាផ្លូវការមែននោះ ថៃត្រូវចេញលិខិតប្រកាសបើកជាចំហ និង ឬ ថ្លែងជាសាធារណៈដល់ភាគីកម្ពុជា និងពិភពលោកឱ្យដឹងថាខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញ ដែលថៃបានបិទដោយឯកឯងកន្លងទៅ។ កុំបើកចំហរតែទ្វារដើម្បីបង្ហាញរូបភាព តែបិទមិនឱ្យមានការចេញចូលជាទូទៅនោះ។ នេះហៅថា «បើកតែបិទ» ក្នុងឧបាយកលពិសពុល ស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួន។
ជារួម ផ្ដើមចេញពីរឿងបង្កហេតុនៅតំបន់មុំ៣ ក្បែរព្រំដែនឡាវ ថៃបានជ្រុលខ្លួនបង្កើតរឿងតាមខ្សែបន្ទាប់ព្រំដែនជាមួយកម្ពុជារហូតដល់ព្រំដែនចាំយាមជាប់មាត់សមុទ្រ។ ប្រវត្តិសាស្ត្រជូរចត់របស់ជាតិជាមួយថៃ ខ្មែរស្គាល់ច្បាស់ណាស់! ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ! ថៃមិនស្គាល់សង្គ្រាម តែខ្មែរឆ្អែតនិងសង្គ្រាម! ថៃមានបាន ខ្មែរជួយអរ ហើយខ្មែរត្រូវការតែការគោរព និងសហប្រតិបត្តិការដោយស្មើភាពតាមយន្តការច្បាប់ កិច្ចព្រមព្រៀង និងយន្តការអន្តរជាតិ។ ឈរលើមូលដ្ឋានគ្រឹះនៃខ្មែរសីហនុ ខ្មែរតេជោធិបតី ផ្ដល់តម្លៃខ្ពស់លើសន្តិភាព និងភាពថ្លៃថ្នូរនៃមនុស្សជាតិ៕