ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់ថា ទស្សនកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ក្នុងវិស័យមហាផ្ទៃ បោះជំហានប្រកបដោយវឌ្ឍនភាព

អ្នកនាំពាក្យបញ្ជាក់ថា ទស្សនកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ក្នុងវិស័យមហាផ្ទៃ បោះជំហានប្រកបដោយវឌ្ឍនភាព
ចេញផ្សាយ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP

ទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ក្នុងវិស័យមហាផ្ទៃ បានបន្តបោះជំហានប្រកបដោយវឌ្ឍនភាពជូនរាជរដ្ឋាភិបាល និងប្រជាជន ទាំងកម្ពុជា និងវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។

បើតាមលោក រ៉េន រតនៈ ក្នុងជំនួបចង្អៀត និងកិច្ចប្រជុំទ្វេភាគី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ឧត្តមសេនីយ៍ឯកលឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាត្រង់ទៅត្រង់មក អំពីបទពិសោធន៍ និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២៤ ព្រមទាំងទិសដៅបន្តសម្រាប់ឆ្នាំ២០២៥។

លោក រ៉េន រតនៈ បានឱ្យដឹងថា ប្រធានបទសំខាន់ៗនៃជំនួបទាំងពីរកម្រិត មានជាអាទិ៍ ការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនការអនុវត្តច្បាប់ ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងសភាពការណ៍តំបន់ និងពិភពលោក ដោយភាគីទាំងពីរបង្ហាញការពេញចិត្តចំពោះលទ្ធផលសម្រេចបានក្នុងស្ថានភាពពិភពលោកមានការប្រឈមបញ្ហាស្មុគស្មាញ ទាំងបទល្មើសមិនប្រពៃណី ដូចជាអំពើឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស រួមទាំងបញ្ហាសង្គ្រាមប្រដាប់អាវុធ និងការប្រជែងភូមិសាស្រ្តនយោបាយ។

បន្ទាប់ពីបានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានគ្នាប្រកបដោយភាតរភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម ឧត្តមសេនីយ៍ឯកលឿង តាមក្វាង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដែលបើតាមលោក រ៉េន រតនៈ រួមមាន ទី១-កិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិ កសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍ ទី២-កិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបឧក្រិដ្ឋកម្ម រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ទី៣-កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរគណៈប្រតិភូបំពេញទស្សនកិច្ចការងារ និងព្យាបាលជំងឺ ទី៤-កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងបំពាក់បំប៉នមន្រ្តី និងទី៥-កិច្ចសហប្រតិបត្តិការវិស័យភស្តុភារនិងសម្ភារៈបច្ចេកទេស។

Leave a Reply

Your email address will not be published. Required fields are marked *