ព័ត៌មានជាតិ

ផ្លូវថ្មើរជើង (Walking Street) បានបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ផ្លូវថ្មើរជើង (Walking Street) បានបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ចេញផ្សាយ ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៥
កាលពីយប់ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា នៅលើផ្លូវថ្មើរជើង (Walking Street) បានបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងរូបសំណាក់តេជោមាសតេជោយ៉តមុខវត្តឧណ្ណាលោម ក្នុងឱកាសនោះក៏មានការថតរូបបានភ្លាមដោយសេរីផងដែរ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីអមដំណើរជាច្រើននាក់ក៏មានវត្តមានក្នុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នាផ្លូវថ្មើរជើងចតុមុខ (Walking Street) នារាត្រីនោះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ ផ្លូវថ្មើរជើងមួយនេះកំពុងតែមានភាពពេញនិយមរហូតទទួលបានការគាំទ្រប្រជាជនខ្មែរ រួមទាំងជនជាតិបរទេសបានមកទស្សនា និងដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ពី១សប្តាហ៍ ទៅ១សប្តាហ៍។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលកន្លងមកនេះ ធ្លាប់បានមានប្រសាសន៍ថា សម្តេចនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ទៅពិនិត្យ និងដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ផងដែរ តែសម្តេចបវរធិបតីមិនបានបញ្ជាក់ថានឹងអញ្ជើញទៅពេលនានោះទេ។

បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា នៅសប្តាហ៍នេះ ពោលគឺនៅល្ងាចថ្ងៃទី០៧ និងទី០៨ ខែមិថុនា ទស្សនីយភាពសិល្បៈខ្មែរចំនួន២នឹងយកទៅសម្តែងលើផ្លូវថ្មើរជើងចតុមុខ (Walk Street) ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា នោះគឺរបាំប្រពៃណី គោះអង្រែ និងរបាំក្បាច់បុរាណ ក្បាច់បាតយក្ស។ ជាមួយគ្នានេះដែរ មន្ទីរនូវបានសំណូមពរដល់ពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាឱ្យបានច្រើនកុះករផងដែរ។

តាមរយៈភាពជោគជ័យមួយនេះផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ។ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *