ព័ត៌មានជាតិ

កម្ពុជាទទួលបានចំណូល៩០០លានដុល្លារពីការនាំចេញអង្ករ រយៈពេល៤ខែ

កម្ពុជាទទួលបានចំណូល៩០០លានដុល្លារពីការនាំចេញអង្ករ រយៈពេល៤ខែ
ចេញផ្សាយ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២៥
MoINFO APP

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)បានឱ្យដឹងថា ក្នុង​រយៈពេល៤ខែ នៃឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញអង្ករ-ស្រូវ​សើម​ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹក ប្រាក់ប្រមាណ ៩០០លានដុល្លារអាមេរិក ។ក្នុងនោះ អង្ករចំនួន ២៨២ ៣១៣ តោន ក្នុងតម្លៃ២០៩.២២លាន ដុល្លារ និងស្រូវសើមចំនួន ៣ ០៣១ ៤៣១ តោន មានតម្លៃប្រមាណ៧២៣.០៥​លានដុល្លារ។

ការប្រកាសឱ្យដឹងកាលពីថ្ងៃទី៥ ខែឧសភា បានឱ្យដឹងថា សម្រាប់ការនាំចេញ អង្ករក្នុងបរិមាណខាងលើ​ត្រូវបានធ្វើឡើង​តាមរយៈក្រុមហ៊ុននាំចេញអង្ករ ចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់​បណ្តាប្រទេស​នៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០.៤៣៥តោន គិតជាទឹកប្រាក់ចំនួន ៤១.៣៨ លានដុល្លារ ។

ចំពោះការនាំទៅប្រទេសក្នុងអាស៊ានចំនួន៥ប្រទេសមានបរិមាណចំនួន៤០ ២៩១ តោន គិតជាទឹកប្រាក់ចំនួន ២៨.៨៨ លានដុល្លារនិងទៅកាន់គោលដៅ ២៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេ​លេន ។ល។ចំនួន ៣៧ ៣៧៥ តោន គិតជាទឹកប្រាក់ចំនួន ៣២.៧៧ លានដុល្លារ។ សម្រាប់ប្រភេទអង្ករ បាននាំចេញ​អង្ករក្រអូបចំនួន៧៧.៩៤ ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៧.១៥ភាគរយ អង្ករចំហុយ ២.៤៧ភាគរយ អង្ករសរីរាង្គចំនួន ១.៩៥ភាគរយ និងអង្ករផ្សេងៗចំនួន ០.៤៩ភាគរយ។

គួររំលឹកថា ក្នុងឆ្នាំ២០២៤ កម្ពុជាមានផលិតកម្មស្រូវសរុបជាង១៣ លានតោន លើសឆ្នាំ២០២៣ ប្រមាណ​កន្លះ​លានតោន និងលើសកាលពី៥ឆ្នាំមុនប្រមាណ ៣លានតោន ។ក្នុងនោះប្រមាណ៥០ភាគរយ ត្រូវបាននាំចេញ ទាំងជាស្រូវ និងជាអង្ករ ។ កម្ពុជាផលិតស្រូវលើសពីតម្រូវវការក្នុងស្រុកប្រមាណ ៥០ ភាគរយ ឬប្រមាណ ៦លានតោនក្នុងមួយឆ្នាំ។ ចំណែកឯ​​រោងម៉ាស៊ីនកិនស្រូវខ្នាតមធ្យម និងធំ កាលពីឆ្នាំ២០២៤ មានចំនួន៨០រោងម៉ាស៊ីន ដែលមានស្តង់ដា​អាច​ឆ្លើយតបទៅនឹងបទដ្ឋានអន្តរជាតិ លើផ្នែកសុវត្ថិភាពចំណីអាហារ និងមានលទ្ធភាពសម្ងួតស្រូវ​ចំនួ​ន៥០ពាន់តោន ស្រូវសើមក្នុងមួយថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *