ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទិសដៅរបស់រាជរដ្ឋាភិបាលគឺជំរុញឱ្យខេត្តជាប់មាត់សមុទ្រទាំង៤ ប្រកបដោយសក្តានុពល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទិសដៅរបស់រាជរដ្ឋាភិបាលគឺជំរុញឱ្យខេត្តជាប់មាត់សមុទ្រទាំង៤ ប្រកបដោយសក្តានុពល
ចេញផ្សាយ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ទិសដៅរបស់រាជរដ្ឋាភិបាលគឺជំរុញឱ្យខេត្តជាប់មាត់សមុទ្រទាំង៤របស់ប្រទេសកម្ពុជា រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ឱ្យប្រកបដោយសក្តានុពល ព្រោះយើងគិតថាបណ្តាខេត្តដែលមានទីតាំងជាប់មាត់សមុទ្រ វាមានសក្តានុពលធំមិនត្រឹមតែទេសចរណ៍នោះទេ ប៉ុន្តែខាងឧស្សាហកម្ម និងការនាំចេញគឺសំខាន់ណាស់ ដោយសម្តេចបានលើកឡើងថា សេដ្ឋកិច្ចរបស់កាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិកបានឡើងមកឈរនៅលេខ៤ ក្នុងពិភពលោក រីឯនៅសៀងហៃ ប្រទេសចិនក៏កំពុងតែលូតលាស់ ដោយសារតែកំពង់ផែរបស់ពួកគេ ដោយកន្លែងដែលមានកំពង់ផែ គឺមានច្រើននូវឧស្សាហកម្មកម្មន្តសាល គេផលិតនៅនឹងកន្លែង ហើយនាំចេញតែម្តងព្រោះវាមានតម្លៃថោក។ ការលើកឡើងរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ នាពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្តេចគិតថាការធ្វើផែនការមេរបស់យើងសម្រាប់ខេត្តជាប់មាត់សមុទ្រទាំង៤នេះ ហើយដែលយើងបានអនុវត្តជាជំហានសាកល្បងទី១ សម្រាប់ឆ្នាំ២០២៥នេះ ដោយយកខេត្តព្រះសីហនុជាគោល គឺយើងបានចេញជាគោលការណ៍ហើយ ដោយបានរៀបចំជាក្រុម ការងារដើម្បីអនុវត្តក្រោមផែនការទាក់ទាញការវិនិយោគនៅទីនេះ ដែលនៅប៉ុន្មានថ្ងៃខាងមុខសម្តេចនឹងត្រូវអញ្ជើញមកសម្ពោធរោងចក្រទី២០០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដោយកាលពីជាង១ឆ្នាំមុនសម្តេចបានអញ្ជើញមកសម្ពោធរោងចក្រទី១០០នៅទីនេះ តែជាង១ឆ្នាំក្រោយវាបានកើនឡើងដល់រោងចក្រទី២០០ ដែលនេះបានបង្ហាញឱ្យឃើញថា ការមកវិនិយោគនៅខេត្តព្រះសីហនុនេះគឺមានល្បឿនលឿនខ្លាំងណាស់ ហើយថា ប្រសិនបើកម្លាំងសេដ្ឋកិច្ចខ្លាំងនៅទីនេះក៏នឹងមានចំនួនប្រជាជនច្រើនផងដែរ តាមរយៈការស្រូបទាញពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗឱ្យមកកាន់ទីនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះ ខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ជារៀងរាលឆ្នាំ ដែលកម្ពុជាបានប្រារព្ធទិវាមួយនេះ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៧៩ ដែលវាត្រូវបានកំណត់ជាទិវាបុណ្យការងាររបស់ប្រជាពលករ ហើយក៏ជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *