ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃតំបន់គោលដៅអនុគ្រោងទី៣ ក្នុងវិសាលភាពទំនប់៣០កញ្ញា សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តកំពង់ធំ
ចេញផ្សាយ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP-MAFF បានអញ្ជើញដឹកនាំក្រុមការងារចូលរួមការចុះពិនិត្យ និងវាយតម្លៃតំបន់គោលដៅអនុវត្ដគម្រោងទី៣ ក្នុងវិសាលភាពទំបន់៣០កញ្ញា សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តកំពង់ធំ។
បេសកកម្មនេះ ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក នៃក្រសួងធនធានទឹក និងឧតុនិយម និងមានការចូលរួមពីក្រុមការងារធនាគារពិភពលោក ក៏ដូចជាក្រុមការងារអនុវត្ដគម្រោងនៃក្រសួងទាំង២ផងដែរ។
នាឱកាសនេះ ក្រុមការងារបានជួបប្រជុំពិភាក្សាជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ដើម្បីសិក្សាសក្តានុពលនៃវិស័យទាំង២ ដែលអាចប្រើជាមូលដ្ឋានក្នុងការកំណត់សកម្មភាពគន្លឹះសម្រាប់គាំទ្រដោយគម្រោង។ ចំពោះវិស័យកសិកម្មក្នុងវិសាលភាពនៃគម្រោងមានចំណុចខ្លាំងដូចជា សហគមន៍កសិកម្មកំពុងដំណើរការលើមុខរបរផលិតពូជស្រូវ ក្នុងនោះដែរធ្វើការផលិតបន្លែសម្រាប់ផ្គត់ផ្គង់ដល់សាលាគាំទ្រដល់គម្រោងស្បៀងអាហារតាមសាលារៀន និងកំពុងពង្រីងផលិតកម្មបន្លែបន្ថែម ដោយទិញដីសម្រាប់សាងសង់ផ្ទះសំណាញ់បន្ថែមសំដៅបង្កើនការផ្គត់ផ្គង់ដល់តម្រូវការក្នុងមូលដ្ឋាន។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ប្រជាកសិករជួបប្រទះកង្វះទឹកនៅរដូវប្រាំង ដែលបណ្តាលឱ្យដំណាំស្រូវខូចខាត និងផលថយចុះ ក៏ដូចជាកង្វះទឹកស្រោចស្រពដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ហើយយន្តការសម្រាប់ចែកចាយទឹកក្នុងតំបន់ពុំទាន់សមស្របនៅឡើយ។ ជាដំណោះស្រាយចំពោះមុខ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម បានស្នើសុំការស្តារបឹង និងជីកអណ្តូងដែលអាចបង្កើនសមត្ថភាពស្តុកទឹកសម្រាប់បម្រើដល់ការដាំដុះ ស្របពេលដែលគម្រោងកំពុងដំណើរសាងសង់ និងស្តារទំបន់៣០កញ្ញានេះ។