សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមូលនិធិ Washington Times
ចេញផ្សាយ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៤
MoINFO APP
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព(International Association of Parliamentarians for Peace-IAPP) និង មូលនិធិ Washington Times ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានកិតិ្តយសសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសភាកម្ពុជាលើខ្លឹមសារធម្មនុញ្ញសន្តិភាព (Peace Charter) ដែលជាឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ (IPTP) លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤នេះ។
សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកឧត្តម ទំាងអស់ដែលជាសកម្មជនស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជាសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើមនោះ បានអញ្ជើញមកដល់កម្ពុជានាឱកាសនេះ ដើម្បីផ្លាស់ប្តូរយោបល់ជាធាតុចូលដ៏សំខាន់ទៅលើការកសាងធម្មនុញ្ញសន្តិភាព ដែលជាឯកសារសំខាន់មួយនៅក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយចីរភាព ជូនប្រជាជនទូទំាងសកលលោក ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងរងនូវភាពផុយស្រួយ មានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលធ្លាក់ចុះនោះ។
សម្តេចប្រធានរដ្ខសភា បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាសន្តិភាពពិតជាមានតម្លៃធំធេងណាស់។ សន្តិភាពនៅកម្ពុជា បានមកដោយលំបាក ក្រោយពីប្រទេសជាតិបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យសង្គមជាតិបែកបាក់ខ្ទេចខ្ទីស្ទើរគ្មានសល់ ហើយសម្តេចតេជោ ហ៊ុន សែន ជាតួអង្គនាំសន្តិភាពជូនប្រទសជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ កម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ និងទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គទេសក៍សន្តិភាព ដែលធ្លាប់ទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ កាលពីឆ្នាំ២០២២។ សន្តិភាពនៅកម្ពុជា បានកំពុងថែរក្សាការពារបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា ជាឥស្សរជនបន្តវេនពីសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោត ដែលមានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ក្នុងនោះជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត។