ឯកឧត្តម នេត្រ ភក្ត្រា បង្ហាញអំពីតម្លៃនៃសេរីភាពសារព័ត៌មានថា បានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា
ចេញផ្សាយ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។
ក្នុងបរិបទនេះ ការវាស់វែងតួនាទីនិងការអនុវត្តការងាររបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និង ព័ត៌មានពិត បានបង្កើតជំនឿទុកចិត្ត សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តី សម្រេចចិត្ត និងរួមកម្លាំងគ្នាដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការបញ្ជាក់នេះបានធ្វើឡើងនៅ សន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពី តួនាទីយ៉ាង សំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ
មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងទិវាសេរីភាពសារព័ត៌មាន និងជួបជុំពិសារអាហារ សាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦កាលពីថ្ងៃទី៣ឧសភាឆ្នាំ២០២៤ក៏បានផ្តល់តម្លៃខ្ពស់ចំពោះសេរីភាពខាងសារព័ត៌មានថាបានចូលរួមថែរក្សាសុខសន្តិភាព, ការអភិវឌ្ឍប្រទេសជាតិ និង ពង្រឹងលទ្ធិប្រជា ធិបតេយ្យ។ ទន្ទឹមនេះសម្តេចបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលយកព័ត៌មានទាំងវិជ្ជមាន ទាំងអវិជ្ជមាន ដែលមានក្រមសីលធម៌ ដើម្បីមានមូលដ្ឋានច្បាស់លាស់យក ទៅដោះស្រាយ។
លើសពីនេះទៅទៀតសម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបំពេញការងារ ប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជ រដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និង ចូលរួមថែរក្សា សុខសន្តិភាព និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង ។