ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលជួបសវនាការជាមួយគណៈប្រតិភូក្រុមហ៊ុន ទ្រី ភាព គ្រុប ឯ.ក ដែលបាននាំយកថវិកាចំនួន ៣០០.០០០ ដុល្លារ ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលជួបសវនាការជាមួយគណៈប្រតិភូក្រុមហ៊ុន ទ្រី ភាព គ្រុប ឯ.ក ដែលបាននាំយកថវិកាចំនួន ៣០០.០០០ ដុល្លារ ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម
ចេញផ្សាយ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥
MoINFO APP

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រុមហ៊ុន ទ្រី ភាព គ្រុប ឯ.ក (TRYPHEAP GROUP., LTD) ដឹកនាំដោយ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ដែលបាននាំយកថវិកាចំនួន ៣០០.០០០ ដុល្លារ (សាមសិបម៉ឺនដុល្លារអាម៉េរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ទ្រីភាព គ្រុប ឯ.ក បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២២លើក មានថវិកាសរុប ៤.៧៩៥.០០០ ដុល្លារអាម៉េរិក និង២លានរៀល។

ស្ថិតក្នុងឱកាសជួបជាមួយសប្បុរសជនទាំងអស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ទ្រី ភាព គ្រុប ឯ.ក (TRYPHEAP GROUP., LTD) ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម ។ល។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *