សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះបីការចរចាពាណិជ្ជកម្មជាមួយអាម៉េរិក មានភាពស្មុគស្មាញយ៉ាងណាក៏ដោយ កម្ពុជានឹងខិតខំដើម្បីការពារប្រយោជន៍សេដ្ឋកិច្ចពលរដ្ឋ
ចេញផ្សាយ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចរចាបញ្ហាពន្ធគយ លើអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក គឺជារឿងដ៏ស្មុគស្មាញខ្លាំងបំផុត តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា នឹងខិតខំធ្វើយ៉ាងណា មិនថាលំបាកយ៉ាងណា ត្រូវបន្តចរចាជាមួយអាម៉េរិក ដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើការនាំចេញ ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា នៅពេលណាដែលពាណិជ្ជកម្មមានបញ្ហា ការនាំចេញក៏មានបញ្ហា ទំនិញឆ្លងកាត់ក៏មានបញ្ហា ការកាត់បន្ថយឬមួយបង្កើន បើលំហូរកាន់តែប្រសើរ ការងារកាន់តែច្រើន ដែលទាំងអស់នេះ គឺជាកិច្ចការងារដ៏ស្មុគស្មាញ ខណៈដែលមកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយ ចរចាត្រូវជាមួយអាម៉េរិកនោះទេ សូម្បីប្រទេសជប៉ុន ដែលជាមហាអំណាច និងជាសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយអាម៉េរិក នៅមិនទាន់ចរចាត្រូវផង ។
បន្ថែមលើនេះ សម្តេចធិបតី បានពន្យល់ថា ហេតុអ្វីបានជាការចរចាពាណិជ្ជកម្ម ជារឿងស្មុគស្មាញ ដោយសារតែការចរចានេះ បើកាលណាចរចាជាមួយអាម៉េរិកមួយ ក៏ត្រូវចរចាជាមួយបណ្តាប្រទេសផ្សេងទៀត ដោយសារត្រូវជាប់ពាក់ព័ន្ធ ជាមួយគោលការណ៍ របស់ WTO ដែលមានសមាជិកជាច្រើនពីបណ្តាប្រទេសនានា លើពិពភលោក ។
ក្នុងនោះសម្តេចធិបតី ថ្លែងថា «សម្រាប់កម្ពុជា យើងខិតខំទោះបីជាស្មុគស្មាញយ៉ាងណាក៏ដោយ ទោះបីជាលំបាកយ៉ាងម៉េចក៏ដោយ ក៏យើងបានចាត់វិធានការ និងត្រៀមលក្ខណៈបន្តទៀត ដើម្បីធ្វើកិច្ចការងារនេះ គោលដៅការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចយើង ដែលពឹងផ្អែកលើការនាំចេញ ចឹងគឺធ្វើយ៉ាងម៉េចធានាគាំទ្រទៅដល់ការងារប្រជាពលរដ្ឋ សេដ្ឋកិច្ចរបស់យើង ដើម្បីហោប៉ៅរបស់ប្រជាពលរដ្ឋ នៅរក្សាបាននេះគឺជាគោលដៅធំរបស់យើង» ។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងឱ្យដឹងថា មកដល់ម៉ោងនេះ ក្រុមការងារចរចាកម្ពុជា បានជួបជាមួយប្រធានតំណាងពាណិជ្ជកម្មអាម៉េរិកបានម្តងហើយ កាលពីថ្ងៃទី១៦ មេសា ខណៈដែលថ្ងៃទី២ ខែឧសភាស្អែកនេះ នឹងត្រូវជួបម្តងទៀត ឈានទៅដល់ការចរចាបន្តិចម្តងៗ ដោយសារតែអាម៉េរិក ត្រូវប្រើពេលយូរ ក្នុងការចរចាជាមួយបណ្តាប្រទេសនានា ជិត២០០ប្រទេស ។