រាជរដ្ឋាភិបាល កំណត់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺកំពង់ផែទឹកជ្រៅដែលមានសក្តានុពលសេដ្ឋកិច្ច តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកសក្តានុពលភស្តុភាកម្មតំបន់
ចេញផ្សាយ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិផងដែរ ដូចនេះរាជរដ្ឋាភិបាលបានដាក់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ ដែលមានកំពង់ផែទឹកជ្រៅ តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកឱ្យទៅជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ដែលនឹងនាំមកនូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះក៏ទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រាន់ ដែលតម្រូវឱ្យអ្នកខេត្តព្រះសីហនុជាអ្នកដែលនៅផ្ទាល់ ត្រូវតែមានលទ្ធភាព និងអាទិភាពក្នុងការទទួលយក និងរៀបចំខ្លួនសម្រាប់ទទួលផលនៃការវិនិយោគនេះ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថាការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីបានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ។ ក្នុងន័យនេះ សាលារៀនកាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្សកាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍៖ “សម្ភារៈបរិក្ខាប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាលនៃការប្រើប្រាស់ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់កាន់តែល្អនិងរីកចម្រើន ហើយរីកដុះដាលបន្ថែម”។