ព័ត៌មានជាតិ

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខ​សន្តិភាព ហើយក៏ជាឱកាសសម្រាប់ឱ្យអ្នកចូលរួមពិធី បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិត​ស្និទ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សំដៅថែរក្សា​នូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គម​សេដ្ឋកិច្ចជាតិ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូល​ដ្ឋាន​នៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់​ទង្វើ​រើសអើងសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិ​សាសនា​នៅកម្ពុជា។ កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់​សាសនាផ្សេងៗគ្នា, ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់​កម្ពុជា​នោះទេ, ថែមទាំងជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែល​ប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការ​ល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាព​ងាយ​ស្រួល​ជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា, ទាំងបច្ចុប្បន្ន និងទៅអនាគត ។

Leave a Reply

Your email address will not be published. Required fields are marked *