សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់
ចេញផ្សាយ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នៅតែមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់ នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក ។
ពាក់ព័ន្ធនឹងអត្រាឈឺនិងស្លាប់កើនឡើងខ្ពស់ដោយសារជំងឺរបេងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឲ្យភាគីពាក់ព័ន្ធត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
យោងតាមសារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្តេជ្ញា វិនិយោគ អនុវត្ត» នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតីបានរៀបរាប់ថា អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ៣៣៥ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៣ គឺបានថយចុះ ៤២% ផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានគូសរំលេចថា ទោះបីជាកម្ពុជាទទួលបានជោគជ័យក៏ដោយ ក៏កម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ ក្នុងស្មារតីនេះ ទាំងអស់គ្នាត្រូវបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។