ឯកឧត្តមប្រធានរដ្ឋឡាវ៖ វត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូក្នុងឱកាសដ៏ក្រៀមក្រំនេះ ជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង រវាងប្រទេសទាំង២
ចេញផ្សាយ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៥
នារសៀលថ្ងៃសៅរ៍ ទី៥ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតប្រធានរដ្ឋ
ឡាវ។ ឯកឧត្តមប្រធានរដ្ឋបានថ្លែងថា៖ ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមសូមថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអរគុណសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើព្រះរាជសារ និងលិខិតចូលរួមរំលែកទុក្ខ ជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះមរណភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ ខាំតៃ ស៊ីផាន់ដន។
ឯកឧត្តមប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសដ៏ក្រៀមក្រំ ដែលនេះជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។
ឯកឧត្តមប្រធានរដ្ឋ បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន ជាការបាត់បង់នូវវីរបុរសជាតិ ដែលមានស្នាដៃជាច្រើនចំពោះជាតិ មាតុភូមិ និងប្រជាជនឡាវ តាំងពីការចាប់ផ្តើមរំដោះប្រទេស, ការកសាង និងការអភិវឌ្ឍប្រទេសរហូតមកដល់បច្ចុប្បន្ន ព្រមទាំងជាឥស្សរជនមួយរូប ដែលចូលរួមចំណែកក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា។