ព័ត៌មានជាតិ

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ
ចេញផ្សាយ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៥
ក្នុងឱកាសអញ្ជើញចូលរួមដាក់កម្រងផ្កា​ និង​ គោរពវិញ្ញាណក្ខន្ធ​ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ​ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍។

ក្នុងឱកាសនៃជំនួបនេះ សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូ។ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា ក្នុងព្រះបរមនាមព្រះមហាក្សត្រ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ក្រុមគ្រួសារ រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់វីរបុរស​ និង​ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ និងតស៊ូ​ ពេញមួយជីវិត​ ក្នុងការរំដោះ កសាង​ និងអភិវឌ្ឍប្រទេសឡាវ ឱ្យរីកចម្រើនដូចសព្វថ្ងៃ ក៏ដូចជាបានចូលរួមពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ។

សម្តេចបវរធិបតី ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ និងបានគូសបញ្ជាក់ថា ប្រទេសយើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វើរួមគ្នា សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ ដើម្បីជាឧត្តមប្រយោជន៍​សម្រាប់ប្រជាជាតិ​ និង​ប្រជាជនទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចបវរធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ​ ឯកឧត្តម អតីតប្រធានរដ្ឋឡាវ។ វត្តមានដ៏ថ្លៃថ្លានេះ គឺជាការលើកទឹកចិត្តដ៏ធំធេងមួយសម្រាប់ឯកឧត្តម ក្រុមគ្រួសារ រដ្ឋាភិបាល និងប្រជាជនឡាវ និងជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ប្រកបដោយមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *