ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសដាក់ឱ្យប្រើប្រាស់ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម” ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ចេញផ្សាយ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៥
MoINFO APP
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”។
ផែនការប្រតិបត្តិនេះគឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការរៀបចំយន្ដការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចបានកំណត់ក្នុងយុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨។
ថ្លែងក្នុងសុន្ទរកបើក ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។”
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរំលេចអំពីសកម្មភាពចម្បងមួយចំនួនរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម រួមមានការផ្តល់ការគាំពារ ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ (វិធានការគន្លឹះទី៣ និង ៤)។
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖” ការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម គឺជាយន្តការដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការគិតគូរអំពីលទ្ធភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះលើថ្នាលឌីជីថល ក្នុងការចុះបញ្ជី និងបង់ភាគទានឱ្យបេឡាជាតិសន្ដិសុខសង្គម។”