ព័ត៌មានជាតិ

សត្វព្រៃចំនួន ២៨ប្រភេទ រួមមានស្វាកន្ទុយស ជិតផុតពូជបំផុត និងពាហនៈព្រៃផ្សេងទៀត មានវត្តមាននៅដែនជម្រកសត្វព្រៃលំផាត់

សត្វព្រៃចំនួន ២៨ប្រភេទ រួមមានស្វាកន្ទុយស ជិតផុតពូជបំផុត និងពាហនៈព្រៃផ្សេងទៀត មានវត្តមាននៅដែនជម្រកសត្វព្រៃលំផាត់
ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP

សត្វព្រៃចំនួន ២៨ប្រភេទ រួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និង អំបូរសត្វព្រៃជាច្រើនប្រភេទទៀតត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ និងកំណត់អត្តសញ្ញាណ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់នៅតែជា ជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយស ជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។

ការសិក្សានេះ ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតង ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ គោលបំណងគឺដើម្បីវាស់ស្ទង់ទិន្នន័យពីប្រភេទ ថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់ធ្វើការអភិរក្សក្រោមគម្រោងរេដបូកលំផាត់។

លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន ២៨ប្រភេទដែលមានទំហំផ្សេងៗគ្ន រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈមានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្ដាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គ ការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុង ស្ថានភាពជិតផុតពូជបំផុត គឺ សត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយនឹងឈានដល់ការ ផុតពូជបើសិនជាមិនមានការការពារទេនោះ។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យ ដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នាដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះដែនជម្រកសត្វព្រៃលំផាត់បាន និងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិងប្រភេទសត្វ ជិតផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយ៉ងចង្កក និងសត្វត្មាតភ្លើងផងដែរ។ អង្គការជីវិតធម្មជាតិ នៅកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បី ការពារតំបន់ទេស ភាពដ៏វិសេសនេះ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង»។

Leave a Reply

Your email address will not be published. Required fields are marked *