ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យក្រុមផ្ការីកគ្រប់រដូវ ចូលជួបពិភាក្សាលើផែនការ ដើម្បីប្រជាជន និងទេសចរណ៍កម្ពុជា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យក្រុមផ្ការីកគ្រប់រដូវ ចូលជួបពិភាក្សាលើផែនការ ដើម្បីប្រជាជន និងទេសចរណ៍កម្ពុជា
ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFo APP

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនក្រុមផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោង និងផែនការរបស់ក្រុមផ្ការីកគ្រប់រដូវក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញ និងផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងស្នើសុំការសហការ និងគាំទ្រពីក្រសួងទេសចរណ៍ដល់គម្រោង និងផែនការដ៏មានសារៈសំខាន់ ដើម្បីប្រជាជនកម្ពុជា និងទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ជូនថា ក្រុមផ្ការីកគ្រប់រដូវមានសមាជិក ៤០នាក់ ដែលជាក្រុមបាល់ទាត់ដ៏លេចធ្លោមួយនៅកម្ពុជា និងជាពិសេសសមាជិកក្រុមនីមួយៗឆន្ទៈ សមត្ថភាព និងធនធានក្នុងការចូលរួមបង្កើតនូវព្រឹត្តិការណ៍ដ៏ល្បីៗ និងទាក់ទាញសម្រាប់ផ្សព្វផ្សាយតំបន់ទេសចរណ៍ វប្បធម៌ និងផលិតផលកម្ពុជា ដែលអាចចាត់ទុកបានថា ជាក្រុមសំខាន់ដ៏ធំមួយក្នុងការជួយជ្រោមជ្រែងនៅក្នុងវិស័យទេសចរណ៍កម្ពុជា។

ជាលទ្ធផលក្នុងកិច្ចជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមផ្ការីកគ្រប់រដូវក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកស្ទួយពីតម្លៃនៃតំបន់ទេសចរណ៍ វប្បធម៌ និងកេរ្តិ៍ដំណែលពីដូនតាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ជាពិសេសមិនត្រឹមតែផ្សព្វផ្សាយដល់ភ្ញៀវជាតិប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវអន្តរជាតិផងដែរ តួយ៉ាង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រ និងលើកទឹកចិត្តចំពោះគម្រោង និងផែនការរបស់ក្រុម ហើយក្រសួងទេសចរណ៍រីករាយនឹងចូលរួមសហការយ៉ាងខ្ជាប់ខ្ជួនជាប់ជាប្រចាំ និងបានស្នើសុំឱ្យមានការផ្សព្វផ្សាយបែបនេះ និងទូលំទូលាយជាងនេះបន្ថែមទៀត ដើម្បីទេសចរណ៍ និងសង្គមជាតិរបស់យើង៕

Leave a Reply

Your email address will not be published. Required fields are marked *