ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ
ចេញផ្សាយ ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៤
MoINFO APP

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះប្រព្រឹត្តឡើងនៅភោជនីដ្ឋានរតនៈលីណា នៃខេត្តរតនគិរី នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គលេខាធិការរងនៃក្រសួង ស្ថាប័ន អភិបាល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងខេត្តព្រះវិហារ អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត វាគ្មិនកិត្តិយស អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈខេត្តរតនគិរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សរាជធានី ខេត្ត និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ សរុបចំនួនប្រមាណ ២៥០នាក់។

ក្នុងប្រសាសន៍បើកសិក្ខាសាលានាពេលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងជាមួយក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំឱ្យមានសិក្ខាសាលានេះឡើង ជាពិសេសជ្រើសរើសទីតាំងខេត្តដាច់ស្រយាល និងមានចំងាយឆ្ងាយពីរាជធានីភ្នំពេញ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី និងអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានខិតខំប្រឹងប្រែងប្រដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំ សិក្សាកម្រិតបច្ចេកទេសតាមក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនលើកច្រើនសារ រហូតសម្រេចបាននូវសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានាថ្ងៃនេះ ពិតជាមានសារៈសំខាន់ និងផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យក្រុមការងារយកទៅកែលម្អសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដូចប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា”រើសឱ្យចំ បំពេញការងារឱ្យត្រូវ រក្សាឱ្យនៅ” ក្នុងការជ្រើសរើសមន្ត្រីបន្ថែម សូមរក្សា ឱ្យបានភាពរឹតតែច្បាស់លាស់។

Leave a Reply

Your email address will not be published. Required fields are marked *