ខេត្តព្រៃវែង ៖ នាថ្ងៃងចន្ទ ៥រោច-អង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ ដឹកនាំដោយ លោក ហ៊ុន មុនិន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនាយកដ្ឋាន ដោយមានការសម្របសម្រួលពី លោក ហែម សាវុធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងមន្ត្រីជំនាញមន្ទីរ ដោយមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ ក្រុមអ្នកតំណាងទឹកស្អាត និងគណៈកម្មការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ និងភូមិបឹងវែង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ក្នុងខេត្តព្រៃវែង ក្នុងការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យស្ថានភាពការអភិវឌ្ឍន៍របស់ភូមិ ដែលបានស្នើដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។
បន្ទាប់ពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ទាំង ២ភូមិ នេះរួចមកក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរ បានឯកភាព និងសម្រេចជ្រើសរើសភូមិចំនួន ២ គឺភូមិកោះពាមរាំង និងភូមិបឹងវែង ក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួម ដើម្បីចាត់ចំណាត់ថ្នាក់ភូមិគំរូព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូលប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធពត៌មានវិទ្យា។