ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញកំពុងបង្កើនប្រជាប្រិយភាពដល់ផ្លូវថ្មើរជើងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ

រដ្ឋបាលរាជធានីភ្នំពេញកំពុងបង្កើនប្រជាប្រិយភាពដល់ផ្លូវថ្មើរជើងដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ
ចេញផ្សាយ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងគិតគូរឈានទៅកែលំអលក្ខណ:សម្បត្តិផ្លូវថ្មើរជើងដែលបានបើកនៅរាល់ចុងសប្តាហ៍ដើម្បីទាក់ទាញបរិមាណភ្ញៀវជាតិនិងអន្តរជាតិឱ្យចូលរួមកម្សាន្តសប្បាយកាន់តែច្រើន។

នៅក្នុងឱកាសចុះទៅពិនិត្យវឌ្ឍភាពនៃផ្លូវថ្មើរជើង (Walk Street) នារាត្រីថ្ងៃទី៩ កុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថារដ្ឋបាលរាជធានីភ្នំពេញកំពុង ធ្វើការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួនមកតាំងបង្ហាញ និងលក់ដូរនៅលើផ្លូវថ្មើរជើង បន្ទាប់ពីសង្កេតឃើញ មានតម្រូវការលក់ដូរអាហារបានកើនឡើង ពោលគឺចំណីរអាហារត្រូវបានលក់អស់លឿនជាងធម្មតា។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ មើលឃើញអំពីមុខព្រួយត្រូវដោះស្រាយបន្ទាន់គឺ បញ្ហាចំណតរថយន្តនិងទោចក្រក្រយានយន្ត ខណ:នៅពេលនេះ អ្នកប្រើរថយន្តអាចផ្ញើនៅលើទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញមិនទាន់អាចរកទីតាំងរៀបចំបាននៅឡើយ ខណ:ម៉ូតូអាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញមានគម្រោង រៀបចំឱ្យមានបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅ ។ រៀបចំអោយមានការបង្ហាញផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដើម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូររូប នៅតាមដងផ្លូវនេះ ដែលសុទ្ធតែជាផ្នែកមួយទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។

Leave a Reply

Your email address will not be published. Required fields are marked *