«យកបេះដូង ទាក់ទាញបេះដូង»៖ ថ្នាក់ដឹកនាំ សាលារៀន និងមន្ទីរពេទ្យ ប្តេជ្ញាចិត្តផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ មានវិជ្ជាជីវៈ ភក្តីភាព និងទឹកចិត្តបរិសុទ្ធចេញពីបេះដូង
ចេញផ្សាយ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥
MoINFO APP
លោក លោកស្រី នាយក នាយករងវិទ្យាល័យ មត្តេយ្យសិក្សា ចំនួន១០ និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងសហការី ចំនួន១៥ អង្គភាព បានធ្វើបទបង្ហាញ ក្នុងនាមជាបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលមានលំដាប់ពិន្ទុខ្ពស់ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.រ.) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
រយៈពេល៣ថ្ងៃ គណៈកម្មការ គ.វ.ជ. ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. បានស្តាប់បទបង្ហាញទាំងនេះយ៉ាងយកចិត្តទុកដាក់ សួរសំណួរដេញដោលយ៉ាងផុលផុស ដើម្បីដាក់ពិន្ទុស្វែងរកជ័យលាភីចុងក្រោយ ប្រកបដោយសុក្រឹតភាពជាទីបំផុត។ ទម្រាំបានឈានមកដល់ដំណាក់កាលនៃការធ្វើបទបង្ហាញចុងក្រោយនេះ អង្គភាពទាំង២៥ បានឆ្លងកាត់ការប្រកួតប្រជែង និងជ្រើសសម្រាំងជាមួយអង្គភាពផ្សេងៗទូទាំងប្រទេសសរុបចំនួន ១០៤៧អង្គភាព (វិស័យអប់រំ ចំនួន៩២៨ និងវិស័យសុខាភិបាល ចំនួន១១៩) ចំនួន៣កម្រិត ពោលគឺ កម្រិតក្រុង ស្រុក ខណ្ឌ, កម្រិតរាជធានី ខេត្ត និងកម្រិតថ្នាក់ជាតិ។
តាមរយៈបទបង្ហាញនីមួយៗ ក្រៅពីការរៀបរាប់អំពីទិដ្ឋភាពបច្ចេកទេស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដែលមានដូចជាការផ្តល់ព័ត៌មាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មេត្រីភាពបរិស្ថាន ការបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ និងចំណុចផ្សេងៗជាច្រើនទៀតរាប់រយផ្ទាំងបង្ហាញ (Slides) ថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានផុសចេញនូវទឹកចិត្តបម្រើប្រជាជន ប្រកបដោយឧត្តមភាពជាមន្ត្រីរាជការ។
ភាសាបេះដូងជាច្រើនត្រូវបានលើកឡើងថា៖ “យកបេះដូង ដើម្បីបម្រើរាស្រ្ត” […] “មិនអាចទុកប្រជាពលរដ្ឋណាមួយចោលទេ” […] “អ្នកជំងឺស្ថិតក្នុងបេះដូងយើង” […] “មន្ទីរពេទ្យផ្តល់សេវាល្អ ជាក្តីត្រេកអររបស់ប្រជាជន” […] “បំពេញដោយមិនទាមទារ ជាមាគ៌ានាំមកនូវក្តីសុខ” […] “យើងមានចក្ខុវិស័យរួម និងបេះដូងរួមគ្នា” […] “សុខទុក្ខរបស់អ្នកជំងឺ ជាសុខទុក្ខរបស់គ្រូពេទ្យ” […] “គ្រប់អ្នកជំងឺ ត្រូវចាត់ទុកជាសាច់ឈាម បេះដូងយើង” […]។ល។