ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និង ជាសរសរស្ដម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ

រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និង ជាសរសរស្ដម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ
ចេញផ្សាយ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥
MoINFO APP

រាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និង ជាសរសរស្ដម្ភ មួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើក- ស្ទួយវប្បធម៌ជាតិ។

ឯកឧត្ដម ឈន សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុង«ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និង ការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ»នាព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស. ២០២៥ថា ទេសចរណ៍ត្រូវបានគេមើលឃើញថា ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី, ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្ម ទេសចរណ៍ក្នុងអំឡុង និង ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដើម្បីទាញប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្ត នូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» នៅឆ្នាំ ២០២១ ។ លើមូលដ្ឋាននេះ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក៏បាន ប្រកាសដាក់ឱ្យអនុវត្ត នូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១», ដោយក្នុងនោះ «បច្ចេកវិទ្យា», ជាពិសេស បច្ចេកវិទ្យាឌីជីថល, ត្រូវបានកំណត់ជាអាទិភាពគន្លឹះថ្មីមួយ ទៀត, បន្ថែមពីលើអាទិភាពគន្លឹះទាំង ៤ នៃ យុទ្ធសាស្ត្រចតុកោណ ពោលគឺ៖ មនុស្ស, ផ្លូវ, ទឹក និង ភ្លើង។

រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ជាអាណាព្យាបាលហិរញ្ញវត្ថុ, និង ក្រសួងទេសចរណ៍, ជាអាណាព្យាបាលបច្ចេកទេស ។ អង្គភាពនេះអាចចាត់ទុកជាស្ថាប័នប្រមូលចំណូលមិនមែនសារពើរពន្ធថ្មីមួយរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីការបង្កើតគ្រឹះស្ថានអង្គរភ្លាម,ឯកឧត្ដម ឈន សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំ ឱ្យរៀបចំអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ សម្រាប់គ្រប់គ្រងប្រតិបត្តិការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានដាក់ឱ្យដំណើរការលើកដំបូង នៅចុងឆ្នាំ ២០១៦ សំដៅកែលម្អសេវាលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យកាន់តែប្រសើរ ឡើង សម្រាប់ទេសចរអន្តរជាតិ និង គ្រប់គ្រងការប្រមូលចំណូល ឱ្យកាន់តែមានភាពងាយស្រួល, មានតម្លាភាព និង មានប្រសិទ្ធភាពខ្ពស់។

Leave a Reply

Your email address will not be published. Required fields are marked *