ព័ត៌មានជាតិ

ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន រួមគ្នាកសាងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក

ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន រួមគ្នាកសាងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យស្មើមុខ ស្មើមាត់ ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក
ចេញផ្សាយ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៥
សំណើររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ បានធ្វើឡើងខណៈសន្តិសុខ និងសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១ឆ្នាំជាងមកនេះ ហើយទន្ទឹមនេះក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល ឈានទៅប្រើបញ្ញាសិប្បនិមិត្ម (AI)។

នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា

អីឡូវនេះយើងចាប់ផ្តើមនិយាយពីការទូតព័ត៌មាន ពីព្រោះ ប្រទេសនីមួយៗមានបញ្ហាដូចគ្នា រឿងបណ្តាញទំនាក់ទំនងសង្គម រឿងព័ត៌មានក្លែងក្លាយ រឿងបញ្ញាសិប្បនិមិត្ម ដែលជ្រៀតជ្រែកក្នុងវិស័យសារព័ត៌មាន។

សូមរំលឹកថា កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងព័ត៌មានបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិន លើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ។ បន្ទាប់មក ក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នៅទីក្រុងដាណាំង ប្រទេសវៀតណាម ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានសហការគ្នាក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកលើកិច្ចសហប្រតិបត្តិការព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព។

ទន្ទឹមនេះ កាលពីថ្ងៃទី២៩ វិច្ចិកា ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងសោតទស្សន៍ជាមួយក្រសួងឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងស៊ីប្រទេសចិនលើការផ្សព្វផ្សាយព័ត៌មាន ការសហការផលិតខ្លឹមសារ និងការបណ្តុះបណ្តាលធនធានមនុស្ស។

ហើយសម្រាប់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD )ចូលរួមជាមួយកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានសហការជាមួយក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ីក្នុងការពង្រឹងសុវត្ថិភាព និងសណ្តាប់ធ្នាប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបានអំពាវនាវដល់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ានអោយចូលរួមផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *