ព័ត៌មានជាតិ

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបនឹងគុណបំណាច់ដែលបានបម្រើជាតិរបស់ឥស្សរជនទាំងពីររូប

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបនឹងគុណបំណាច់ដែលបានបម្រើជាតិរបស់ឥស្សរជនទាំងពីររូប
ចេញផ្សាយ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការទទួលនូវការព្រះរាជទានពីព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្នគឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនោះ គឺជាការឆ្លើយតបជាមួយនឹងគុណបំណាច់ដែលបានធ្វើកិច្ចការបម្រើជាតិ។

ក្នុងពិធីបំពាក់ឋានន្តរសក្ដិ ថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើនិយាយអំពីរាជានិយម មកដល់ពេលនេះ សម្ដេចទាំងពីរក៏ជាអ្នករួមចំណែកក្នុងការបង្កើតរាជានិយមឡើងវិញ ទាំងដំណាក់កាលនៃការចរចាស្វែងរកសន្តិភាព ទាំងការធ្វើរដ្ឋធម្មនុញ្ញ និងការការពារព្រះមហាក្សត្ររហូតមកដល់ពេលនេះ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានធ្វើទាំងអស់ ដូច្នេះវាស័ក្ដិសម។ សម្ដេចតេជោ ក៏បានអរគុណ និងថ្លែងនូវការកោតសរសើរចំពោះឥស្សរជនទាំងពីររូប ដែលបានរួមដំណើរ និងជួយសម្ដេច រួមដំណើរ ជាមួយឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូជារាជរដ្ឋាភិបាល ក្នុងរយៈពេលដ៏យូរ។

សម្ដេចតេជោបានលើកឡើងថា តើមានបក្សប៉ុន្មានដែលលទ្ធភាពធ្វើបានដូចគណបក្សប្រជាជន ដែលមានប្រាំក្រុមមករួមរស់នៅជាមួយគ្នា ហើយបង្កើតបានជាមួយក្រុម នៅជាមួយគ្នាបានរយៈពេល៤៨ឆ្នាំ ហើយតើមានបក្សណានៅកម្ពុជាដែលធ្វើបានបែបនេះ។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា៖ «សុំកុំព្យាយាមបំបែកគណបក្សប្រជាជន អ្នកកាន់តែធ្វើកាន់តែគ្រោះថ្នាក់ខ្លួនឯង» ។ ដូច្នេះត្រូវដឹងថា នៅពេលដែលគេវាយយើងៗ ក៏ត្រូវវាយចំណុចខ្សោយរបស់គេនៅកន្លែងណាមួយ ដែលត្រូវចាំ។ យកល្អទុកឱ្យទៅតាមដំណើរធម្មជាតិទៅ។ ប៉ុន្តែពួកអ្នកឯងគ្មានសមត្ថភាពទេ ផ្ទុយទៅវិញពួកអ្នកឯងបែកខ្លួនឯង មិនចាំបាច់ខ្ញុំទៅបំបែកទេ។» សម្ដេចតេជោប្រមុខរដ្ឋស្ដីទីថ្លែងបន្ថែមថា ពេលណាដែលរាជរដ្ឋាភិបាលរឹង ពេលនោះហើយដែលសត្រូវរបស់យើងនឹងបែកបាក់ដោយខ្លួនឯង។

Leave a Reply

Your email address will not be published. Required fields are marked *