ព័ត៌មានជាតិ

ឯកឧត្តម ហែម វណ្ណឌី ពិភាក្សាអំពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ ជាមួយគណៈប្រតិភូវិនិយោគចិន

ឯកឧត្តម ហែម វណ្ណឌី ពិភាក្សាអំពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគ ជាមួយគណៈប្រតិភូវិនិយោគចិន
ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូ មកពីសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងក្រុមហ៊ុន 86Links Co., Ltd.។

គណៈប្រតិភូបានបង្ហាញអំពីថ្នាលបច្ចេកវិទ្យា ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកវិនិយោគ ដោយ​រួមបញ្ចូលទិន្នន័យតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជា។ ថ្នាលនេះបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតពហុភាសា, មានមុខងារអន្តរកម្ម ដូចជាផែនទីនិម្មិត, និងផ្តល់ព័ត៌មានសំខាន់ៗអំពីឱកាសវិនិយោគ ក្របខណ្ឌច្បាប់ និងព័ត៌មានឧស្សាហកម្ម។ គណៈប្រតិភូ​បាន​ស្នើ​អនុវត្ត​ថ្នាលនេះតាមផែនការ​បី​ជំហាន​ និង​បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។

ឯកឧត្តម ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ និងបានលើកឡើងពីសក្តានុពលនៃថ្នាល

បច្ចេកវិទ្យាក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងតម្រូវការគ្រប់គ្រងទិន្នន័យរបស់កម្ពុជា។ ឯកឧត្តមបានចាត់តាំងឱ្យក្រុមការងារជំនាញ វាយតម្លៃថ្នាលបច្ចេកវិទ្យានេះ ដែលអាចជាការបំពេញបន្ថែម ឬប្រទាក់ក្រឡាជាមួយប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (cdcIPM)។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសវិនិយោគអំណោយផល ការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យា និងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន។ ឯកឧត្តមក៏បានស្នើឱ្យសមាគមខិតខំទាក់ទាញការវិនិយោគក្រៅប្រទេស ពីប្រទេសចិនមកកម្ពុជា ដោយលើកឡើងពីសក្តានុពលរបស់កម្ពុជា ជាទិសដៅឧស្សាហកម្មដ៏ប្រសើរ។

Leave a Reply

Your email address will not be published. Required fields are marked *