ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភានីតិកាលទី៧ យកចិត្តទុកដាក់លើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈតួនាទីសំខាន់ៗរបស់ខ្លួន
ចេញផ្សាយ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធស្រ្តីទូទាំងប្រទេសចិន ដឹកនាំដោយលោកជំទាវ ចាង តុងម៉ី (Zhang Dongmei) អនុប្រធានសហព័ន្ធ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ ចាង តុងម៉ី និងគណៈប្រតិភូ ដោយបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ និងបានបង្ហាញឱ្យឃើញពីការអនុវត្ដនូវកុងសង់ស៊ីសរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ដំណើរទស្សនកិច្ចនេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចិន ក្នុងការផ្លាស់ប្ដូរគណៈប្រតិភូនៃប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ ទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល រដ្ឋសភា និងអង្គការសង្គមស៊ីវិល ជាដើម។ មិត្តភាពប្រពៃណី មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន គឺបានបន្តពង្រឹង និងពង្រីកជាប្រចាំ។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ចាង តុងម៉ី បានផ្លាស់ប្តូរគ្នាដោយបើកចំហលើប្រធានបទនៃការលើកកម្ពស់សិទ្ធិស្រ្តី ដែលកម្ពុជានិងចិនបានផ្តល់អាទិភាពខ្ពស់ដូចគ្នា។ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តវេនមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧នៃរដ្ឋសភា បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសង្គមនិងសេដ្ឋកិច្ច ហើយពិភពលោកកាន់តែស្រស់បំព្រងបើស្រ្តីបានចូលរួមកាន់តួនាទីកាន់តែច្រើននោះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភានីតិកាលទី៧ នេះ បានលើកកម្ពស់ស្រ្តី និងសមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការត្រួតពិនិត្យ និងភាពជាតំណាងរបស់ខ្លួន ហើយច្បាប់ដែលបានអនុម័តមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់លើយេនឌ័រ ដោយបានបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយសាធារណៈ។ រដ្ឋសភាកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ ការពង្រឹងសមត្ថភាព និងការផ្តល់អំណាចដល់ស្រ្តីក្នុងការចូលរួម តាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី (Women Caucus) ជាដើម។

លោកជំទាវ ចាង តុងម៉ី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាឱកាសនេះ។ លោកជំទាវ បានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ជាស្រ្តីថ្នាក់ដឹកនាំគំរូមួយរូប ដែលមានចំនុចជាច្រើនត្រូវសិក្សារៀនសូត្រនិងដកស្រង់បទពិសោធ។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណចំពោះឆន្ទៈដ៏មោះមុតរបស់សម្តេចរដ្ឋសភាធិបតី នៅក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន ដែលមានតំាងពីយូរលុងណាស់មកហើយនោះ ឱ្យកាន់តែរីកចម្រើននិងរឹងមាំឡើងថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *