ព័ត៌មានជាតិ

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍”

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍”
ចេញផ្សាយ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤
MoINFO APP

នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់ពីសាធារណរដ្ឋកូរ៉េ ប្រទេសចូលរួមទាំង១២ និងដៃគូអភិវឌ្ឍ សរុបប្រមាណ ៦០រូប។

ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ ក.ប.ទ. បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលានេះ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង Astana នៃប្រទេស Kazakhstan ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ (MOIS) ទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ធនាគារពិភពលោក (WB) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។

សិក្ខាសាលានេះ គឺជាផ្នែកនៃគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍសមត្ថភាពរយៈពេលបីឆ្នាំ (២០២៤-២០២៦) នៃមជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង Astana Kazakhstan និង UNDP ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្រ្តីសាធារណៈ ដើម្បីគាំទ្រដល់ការធ្វើអភិបាលកិច្ចឌីជីថលនិងបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសចូលរួមចំនួន ១២ រួមាន Armenia, Azerbaijan, Georgia, Kazakhstan, Kyrgyzstan, Tajikistan, Uzbekistan, Mongolia, Laos PDR, Bandgladesh, Philipine និងកម្ពុជា។

សិក្ខាសាលាថ្នាក់តំបន់នេះរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាឱ្យមន្រ្តីជាន់ខ្ពស់ និងអ្នកចូលរួម ដើម្បីផ្លាស់ប្តូរចំណេះដឹង ផ្តល់ឱកាសក្នុងការសន្ទនាផ្លាស់ប្តូរយោបល់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដោយការទទួលខុសត្រូវ និងជាយុទ្ធសាស្រ្តសម្រាប់ជំរុញការធ្វើបរិវត្តកម្មលើតួនាទីរបស់រដ្ឋាភិបាល ការរៀបចំនិងការអនុវត្តគោលនយោបាយ ព្រមទាំងដំណើរការនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងសិក្ខាសាលានេះ អ្នកជំនាញមកពីក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ (MOIS) និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) នឹងធ្វើការចែករំលែកចំណែះដឹង ជំនាញ និងឧត្តមានុវត្តន៍ថ្មីៗទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈនៅក្នុងប្រទេសកូរ៉េ។ បន្ថែមពីលើនេះ អ្នកជំនាញពីធនាគារពិភពលោក (WB) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ក៏នឹងចែករំលែកពីចំណេះដឹងនិងបទពិសោធដែលអនុញ្ញាតឱ្យអ្នកចូលរួមទទួលបាននូវការយល់ដឹងបន្ថែមក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការរៀបចំនិងដំណើរការនៃអនុវត្តគោលនយោបាយ ព្រមទាំងដំណើរការនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

Leave a Reply

Your email address will not be published. Required fields are marked *