ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត៖ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” គឺជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់

ឯកឧត្តម វង្សី វិស្សុត៖ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” គឺជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់
ចេញផ្សាយ ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤–

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា សមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនៅដើមនីតិកាលទី៧សម្រាប់វិស័យពិការភាពថ្មីមួយទៀត គឺការប្រកាសដាក់ឱ្យអនុវត្តនូវ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” ដែលជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់អន្តរក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ អង្គការសមាគមជនមានពិការភាព រួមទាំងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈ និងឯកជន ដែលជាប្រតិបត្តិករអនុវត្តរួមគ្នានៅក្នុងក្របខណ្ឌការងារ និងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព និងក៏ជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។

ការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ដូចនេះធ្វើឡើងនាឱកាសនៃការប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ នាសាលមហោស្រពកោះពេជ្រ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨ កសាងឡើងស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាលក្នុងគោលដៅសម្រេចឱ្យបាននូវបរិយាបន្នពិការភាពក្នុងសកម្មភាពការងារ និងថវិការបស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពីពិការភាពរួមទាំងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពនេះឱ្យមានប្រសិទ្ធភាព លើកកម្ពស់ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ជនមានពិការភាព និងអ្នកតំណាងរបស់ពួកគាត់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការអនុវត្ត និងការតាមដាននូវរាល់ផែនការសកម្មភាព និងថវិការបស់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ពង្រឹង និងពង្រីកការផ្តល់សេវា ការគាំទ្រ ឱកាស និងធនធាននានាសម្រាប់ជនមានពិការភាព គ្រួសារ និងសហគមន៍ប្រកបដោយសមធម៌ គ្មានការរើសអើង និងបរិយាបន្ន ដើម្បីធានាថាជនមានពិការភាពគ្រប់វ័យ គ្រប់ប្រភេទ និងក្រុមគ្រួសាររស់នៅប្រកបដោយគុណភាព ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពក្នុងសង្គមមានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពចម្រុះព្រមទាំងមានបរិយាបន្នពិការភាព និងចីរភាពក្នុងគ្រប់វិស័យ៕

Leave a Reply

Your email address will not be published. Required fields are marked *