ព័ត៌មានជាតិ

កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតបន្ថែមទៀតក្នុង

កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតបន្ថែមទៀតក្នុងឆ្នាំ ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត
ចេញផ្សាយ ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤
MoINFO APP

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តបោះជំហាន ដោយវីរភាព និង ភាពប្រាកដនិយម ក្នុងការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបន្ថែមទៀត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១, ក្នុងនោះ រួមមាន កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៣ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដូចខាងក្រោម៖

ទី១- ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល

ទី២- កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ

និងទី៣- ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និសីទជាតិ ស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ នាថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអនុវត្ត កម្មវិធីគោលនយោបាយអាទិភាព ទាំង ៣ នេះ បាន និង កំពុងជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតបន្ថែមទៀត ក្នុងឆ្នាំ ២០២៣-២០២៤ និង ឆ្នាំខាងមុខបន្តទៀត។

ដើម្បីឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជា កាន់តែទទួលបានការទុកចិត្ត ពីសំណាក់ពលរដ្ឋ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវដល់៖

១. ក្រសួងសុខាភិបាល, តាមរយៈមន្ទីរសុខាភិបាលរាជធានី-ខេត្ត, ត្រូវបន្ថែមការយកចិត្តទុកដាក់ លើការផ្ដល់សេវាសុខាភិបាលសារាវន្តជូនពលរដ្ឋ, ជាពិសេស ពលរដ្ឋដែលប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ, និង បណ្ណ ប.ស.ស. ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្ដល់កម្ម-វិបាកអវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ។

២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, តាមរយៈមូលនិធិជាតិជំនួយសង្គម និង មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា នៅតាមរាជធានី-ខេត្ត, ត្រូវពង្រឹងយន្តការនៃការបើកផ្ដល់អត្ថប្រយោជន៍គាំពារសង្គម ដល់អ្នកទទួលផល, និង ត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ឱ្យបានទាន់ពេល ព្រមទាំងធ្វើការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន, ជាពិសេស ពលរដ្ឋគោលដៅ, បានយល់ច្បាស់អំពីកម្មវិធីជាតិជំនួយសង្គម របស់រាជរដ្ឋាភិបាល ។

Leave a Reply

Your email address will not be published. Required fields are marked *