ព័ត៌មានជាតិ

សម្តេចធិបតី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

សម្តេចធិបតី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី
ចេញផ្សាយ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤
MoINFO APP

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេលពីរថ្ងៃ បន្ទាប់ពីអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានChangi ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

ការអញ្ជើញមកដល់របស់សម្តេចធិបតី មានការទទួលស្វាគមន៍ ដោយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្ម នៃសាធារណរដ្ឋសិង្ហបុរី ។

អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស បានឲ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្ដូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថានឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

ក្រោយពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការផងដែរ។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និង ឯកឧត្តម លី សៀនឡុង ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។

Leave a Reply

Your email address will not be published. Required fields are marked *