តំបន់ចតុមុខ ឬទន្លេចតុមុខ ខាងមុខព្រះបរមរាជវំាង ជាទីតំាងមានលក្ខណៈភូមិសាស្ត្រឯករបស់កម្ពុជា
ចេញផ្សាយ ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ចតុមុខជាចំណុចប្រសព្វនៃតំបន់ដីគោកចំនួន៤ និងទន្លេចំនួន៤ នៃព្រះរាជាណាចក្រកម្ពុជា ។ តំបន់ដីគោក គឺខាងមុខព្រះបរមរាជវំាង , ជ្រោយចង្វារ ,អរិយក្សត្រ និងកោះនរាយ៍ ។ ចំណែកទន្លេទាំង៤ ដែលហូរមកប្រសព្វគ្នានៅតំបន់ចតុមុខនេះដែរ គឺទន្លេមេគង្គលើ ឬទន្លេធំ ,ទន្លេមេគង្គក្រោម ឬទន្លេក្រោម , ទន្លេសាប និងទន្លេបាសាក់ ។
ក្នុងប្រវត្តិសាស្រ្តកម្ពុជាពីដើមរៀងមក ដោយសារភូមិសាស្រ្តដ៏ល្អឯក និងប្រកបដោយមង្គលនេះ តំបន់ចតុមុខក៏បានក្លាយទីកន្លែងប្រារព្ធនូវពិធីបុណ្យប្រចាំឆ្នាំរបស់ព្រះមហាក្សត្រ គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។
នៅឆ្នាំ២០២៤នេះ ចាប់ពីថ្ងៃទី១៤,ទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ក៏ដូចឆ្នំាកន្លងទៅដែរ តំបន់ចតុមុខ បានទទួលស្វាគមន៍ថ្នាក់ដឹកនំាប្រទេស និងប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែននាក់ មកពីខេត្តនានាទូទំាងប្រទេស បានមកជួបជុំគ្នាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏សែនសប្បាយរីករាយ ក្នុងបរិយាកាសសន្តិភាព និងស្ថិរភាពនយោបាយកាន់តែរឹងមំារបស់មាតុភូមិនៃយើង ។
ទន្ទឹមគ្នានេះដែរ ក្នុងព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ អង្គភាពផ្សព្វផ្សាយទំាងបួន របស់ក្រសួងព័ត៌មាន ដែលរួមមាន៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានអាកាប៉េ និងក្រុម App ដែលទោះជាមានជំនាញដោយឡែកៗ ពីគ្នា ក៏អង្គភាពទំាងបួនមានភារកិច្ចរួមតែមួយដែលត្រូវបំពេញ គឺផ្សព្វផ្សាយផ្ទាល់នូវព្រឹត្តិការណ៍ដ៏មហោឡារឹកនេះ ជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ,ប្រជាពលរដ្ឋខ្មែរ និងបរទេសដែលរស់នៅ និងបំពេញការងារនៅក្នុងប្រទេសនានា ។
នេះជាភារកិច្ចមួយដែលមិនសាមញ្ញ និងទាមទារឱ្យមានទំនួលខុសត្រូវ ព្រមទាំងតម្រូវឱ្យមានកិច្ចសហការល្អទៀតផង ។ មុនចុះបំពេញការងារ ថ្នាក់ដឹកនំា និងមន្ត្រីទំាងអស់ បានទទួលនូវមតិណែនំាពីការងារសំខាន់ៗ និងបច្ចេកទេសជំនាញ ដែលត្រូវអនុវត្ត ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះផ្ទាល់ក្នុងរយៈពេលបីថ្ងៃ នៃព្រះរាជពិធី ដើម្បីលើកទឹកចិត្ត និងផ្តល់មតិយោបល់បន្ថែម ជាហេតុធ្វើឱ្យថ្នាក់ដឹកនំា និងមន្ត្រីទំាងអស់មានអារម្មណ៍កក់ក្តៅ និងរីករាយក្នុងការបំពេញភារកិច្ចដោយរលូននិងជោគជ័យគួរជាទីមោទន ។
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រោមការដឹកនំាដោយលោកជំទាវ ឈឹមពៅ សុកាន់ឌី បានកំណត់និងប្រគល់ភារកិច្ចយ៉ាងហ្មត់ចត់ និងច្បាស់លាស់ដល់មន្ត្រីជំនាញផ្នែកអានផ្ទាល់ ផ្នែកផលិតអត្ថបទ ផ្នែកចុះសម្ភាសន៍ ផ្នែករថយន្តបំពងសំឡេង និងផ្នែកផ្គត់ផ្គង់ ដោយដាក់ពង្រាយតាមមុខព្រួញបីជាសមរភូមិស្នូលនៃការផ្សាយតាមរលកអាកាស គឺក្រុមផ្សាយផ្ទាល់នៅមុខព្រះបរមរាជវំាង, ក្រុមផលិតប្រចំាការនៅអគារវិទ្យុវត្តភ្នំ និងក្រុមម៉ាស៊ីនផ្សាយកណ្តាលស្ទឹង ។
ក្នុងរយៈពេលបីថ្ងៃ ក្រោមកម្តៅព្រះអាទិត្យក្តៅហែង និងជំនោរខ្យល់ក្តៅលាយត្រជាក់រំភើយនៃខែកត្តិក បានសាកល្បងនូវភាពអំណត់តស៊ូ ,ភាពប្តូរផ្តាច់ និងឆន្ទៈរបស់ក្រុមផ្សាយផ្ទាល់របស់វិទ្យុជាតិ ។ ដូចឆ្នំាមុនៗដែរ យើងទំាងអស់គ្នា បានដោះយសស័ក្តិ តួនាទីចេញចាកចេញពីបន្ទប់ធ្វើការងារប្រចំាថ្ងៃមានម៉ាស៊ីនត្រជាក់ នំាគ្នាមកប្រមូលផ្តុំនៅក្នុងបន្ទប់រួមមួយដ៏ល្វឹងល្វើយ គ្មានដំបូល គ្មានជញ្ជាំង គ្មានម៉ាស៊ីនត្រជាក់ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តមប្រគល់ដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។