ថ្ងៃដំបូងនៃពិធីបុណ្យអុំទូកខេត្តសៀមរាប មានទេសចរចម្រុះជាតិសាសន៍មកកម្សាន្តជាង៨ម៉ឺននាក់
ចេញផ្សាយ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាដងស្ទឹងខេត្តសៀមរាបចាប់តាំងព្រឹកព្រលឹម កកកុញទៅដោយមនុស្សធ្វើដំណើរកម្សាន្ត និងទស្សនាការតុបតែងគួរជាទីគយគន់ក្នុងទីប្រារព្ធពិធីបុណ្យអុំទូកសៀមរាបឆ្នាំ២០២៤ ខណៈកាលពីថ្ងៃទី១៤ ខែវិច្ឆិកាដែលជាថ្ងៃទី១ នៃពិធីបុណ្យអុំទូកមានអ្នកទេសចរចូលមកទស្សនាចជាង ៨៧.០០០នាក់ កើនឡើងប្រមាណ ៨.១៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣។នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប។
របាយការណ៍ដដែលគូសរំលេចថា ក្នុងចំណោមភ្ញៀវទេសចរជាង ៨៧.០០០នាក់នេះ មានភ្ញៀវទេសចរបរទេសចំនួន ៤.១១៩នាក់ ការកើនឡើង១៦.០៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ និងភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តចំនួនប្រមាណ ៨៣.០០០នាក់ កើនឡើងប្រមាណ៧.៧៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន ៧៧.០០០នាក់។
សូមជម្រាបថា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដើម្បីរង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកកម្សាន្តនៅខេត្តសៀមរាប៕