សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ ខ្មែរក្រោមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរបានគង់វង្សល្អ
ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤
កាលពីថ្ងៃទី៤តុលាឆ្នាំ២០២៤ ភ្លេងឆៃយ៊ាំបានលាន់រំពងនៅមុខវត្តពោធិគិរីវង្សារាម ហៅស្វាយសៀមថ្មី ស្រុកថ្កូវ ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) ប្រទេសវៀតណាម ។
ប្រជាពលរដ្ឋខ្មែរក្រោមក្មេងចាស់ប្រុសស្រីក្នុងសម្លៀកបំពាក់អាវស ប៉ាក់ សំពត់ហូលផាមួងចម្រុះពណ៌ បានឈរយ៉ាងច្រើនកុះកររង់ចាំទទួលបដិសណ្ឋារកិច្ចចំពោះក្បួនដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរពីប្រទេសកម្ពុជាជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃបងប្អូនខ្មែរ។
សំឡែងភ្លេងឆៃយ៊ាំយ៉ាងរន្ទឺលាយលំជាមួយសំឡេងសាទរយ៉ាងកងរំពងបានធ្វើអោយបរិយាកាសនៅទីនោះពោរពេញដោយទឹកមុខញញឹមពព្រាយ ហើយញ៊ាំងអោយប្រជាពលរដ្ឋខ្លះរំភើបរហូតយកដៃជូតទឹកភ្នែក។
បងប្អូនខ្មែរក្រោមបានបង្ហាញអារម្មណ៍ត្រេកអរក្រៃលែងដែលខ្មែរលើបានបង្ហាញទឹកចិត្តយកចិត្តទុកដាក់ចំពោះខ្លួនតាមរយៈអង្គកឋិននេះ។បងប្អូនខ្មែរក្រោមមានអារម្មណ៍ថាខ្លួនមិនមែនឯកោនោះទេ ហើយបងប្អូនខ្មែរក្រោមក៏ចង់បង្ហាញថា ខ្លួនជាខ្មែរ ហើយរក្សានិងគោរពវប្បធម៍ទំនៀមទំលាប់សាសនាខ្មែរ។
នៅក្នុងឱកាសទទួលស្វាគមន៍អង្គកឋិនពីភ្នំពេញ គេឃើញវត្តខ្មែរក្រោមមានការសំដែងសិល្បៈ និងល្ខោនបាសាក់ជូនទស្សនា។
ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាតំណាងរាស្ត្រ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ធ្លាប់បានដង្ហែកឋិនមួយពីកម្ពុជាចូលទៅវត្តអង្គរាជបុរី វត្តកំពង់នគ្រោធ ដែលស្ថិតនៅក្នុងខេត្តព្រះត្រពាំង ( ត្រាវិញ ) កាលពីខែកញ្ញាឆ្នាំ២០០៩មកម្លេះ។ បើតាមឯកឧត្តម ខៀវ កាញារិទ្ធ បានអោយដឹងថា អង្គកឋិនកាលនោះគឺលើកដំបូងដែលមានគណៈប្រតិភូផ្លូវការខ្មែរធ្វើកឋិនទៅកម្ពុជាក្រោម ដែលតាមធម្មតាដង្ហែចូលតែមួយវត្តទេ ប៉ុន្តែវត្តផ្សេងៗនៅកម្ពុជាក្រោមបានមកចូលរួមហើយអញ្ជើញគណៈប្រតិភូយើងអោយទៅទស្សនកិច្ច នៅតាមវត្តមួយចំនួន ដើម្បីបង្ហាញថា វត្តខ្មែរក្រោមប្រឹងប្រែងរក្សាអត្តសញ្ញាណវប្បធម៍ខ្មែរនិងសាសនាព្រះពុទ្ធ។
ជាក់ស្តែងនៅក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដង្ហែចូលវត្តនិងបានជួបសំណែះសំណាលសាកសួរសុខទុក្ខបងប្អូនខ្មែរក្រោមរួចមក. សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ថ្លែងកោតសរសើរចំពោះបងប្អូនខ្មែរក្រោម ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំង កាយចិត្ត សតិបញ្ញា ថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងបានគង់វង្សល្អ។
វត្តមានវត្តនៅខ្មែរក្រោមបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរក្រោម ក៏បានប្រើប្រាស់ភាសាខ្មែរ និងប្រកាន់ខ្ជាប់នូវ ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។