ព័ត៌មានជាតិ

ក្រុងបាត់ដំបងសង្ឃឹមថាមានកំណើនទេសចរថែមទៀតក្រោយជាប់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ក្រុងបាត់ដំបងសង្ឃឹមថាមានកំណើនទេសចរថែមទៀតក្រោយជាប់ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
ចេញផ្សាយ ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្រេចប្រកាសជាផ្លូវការថា ទីក្រុងបាត់ដំបងជា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ។

ការប្រកាសនេះបានធ្វើឡើងនាដើមសប្តាហ៍នេះនៅ សាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Dr. Ada Moadsiri តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា (WHO)មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក សង្កាត់ ម្ចាស់អាជីវកម្មទេសចរណ៍ យុវជន និងសិស្សានុសិស្ស។

ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលដែលក្រុងបាត់ដំបងសម្រេចបាននៅថ្ងៃនេះមិនត្រឹមតែជាការជំរុញឱ្យមានការអនុវត្តច្បាប់ ស្តីពី “ការត្រួតពិនិត្យផលិតផលថ្នាំជក់” និងលិខិតបទដ្ឋានគតិនានាប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបង្ហាញឱ្យឃើញ ពីការចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទេសចរណ៍និងបង្កើនភាពជឿទុកចិត្តថែមមួយកម្រិតទៀតនៅក្នុងចំណោមភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។ការសម្រេចបាន “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” របស់ក្រុងបាត់ដំបងនៅថ្ងៃនេះ បានបញ្ជាក់យ៉ាង ច្បាស់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុង និងផ្នែកពាក់ព័ន្ធទាំងអស់នៅក្នុងក្រុងទាំងមូល រួមទាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ផងដែរ ក្នុងការចូលរួមរៀបចំក្រុងរបស់ខ្លួនជា “ទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ថាដើម្បីធានាបាននិរន្តរភាពទីក្រុងទេសចរណ៍គ្មានផ្សែងបារីសម្រាប់រដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរពាក់ព័ន្ធត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ឱ្យស័ក្តិសមជាជ័យលាភី“ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”។លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ជាប្រចាំនៅតាមវេទិកាសាធារណៈនានានិងជំរុញឱ្យមានការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យថ្នាំជក់ឲ្យបានទូលំទូលាយថែមទៀត។បន្តប្រតិបត្តិជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យទេសចរណ៍ និងជាគោលដៅទេសចរណ៍ជម្រើសពេញនិយមរបស់ភ្ញៀវទេសចរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញមោទនភាពដែលក្រុងបាត់ដំបងទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ហើយតាមរយៈជ័យលាភីនេះនឹងជួយឱ្យខេត្តបាត់ដំបង ជាពិសេសក្រុងបាត់ដំបងកាន់តែលេចធ្លោ និងកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀតឱ្យមកលេងកម្សាន្ត។

ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា ជ័យលាភីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានក្នុងន័យអភិវឌ្ឍវិស័យទេសចរណ៍និងការគិតគូរពីសុខភាពសាធារណៈ៕

Leave a Reply

Your email address will not be published. Required fields are marked *