Tripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជាជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍
ចេញផ្សាយ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥
MoINFO APP
ទីក្រុង Istanbul៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់នូវការបណ្តុះបណ្តាលផងដែរ។
កិច្ចសហប្រតិបត្តិការនេះ គឺគោរពប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំដល់ក្រសួងទេសចរណ៏ “សហការសម្របសម្រួលជាមួយប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ” នាដំណើរទស្សនកិច្ចតំបន់ខ្នងផ្សារកន្លងមក។
សូមបញ្ជាក់ថា TripAdvisor គឺជាវេទិកាធំបំផុតមួយលើលោកសម្រាប់ស្វែងរក ស្វែងយល់ ប្រៀបធៀប និងបញ្ចេញយោបល់អំពីទីកន្លែងទេសចរណ៍ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ និងសេវាកម្មក្នុងវិស័យទេសចរណ៍ពាសពេញពិភពលោក និងបន្តុំជាង១ពាន់លានមតិយោបល់។