ព័ត៌មានជាតិ

ដំណើរទស្សនកិច្ចឦសាន លើកទី៧ ដើម្បីឈ្វេងយល់ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម កំពុងបន្តក្នុងតម្រាយផ្លូវ ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី

ដំណើរទស្សនកិច្ចឦសាន លើកទី៧ ដើម្បីឈ្វេងយល់ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម កំពុងបន្តក្នុងតម្រាយផ្លូវ ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី
ចេញផ្សាយ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៤
AKP ទិសឦសាន ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤–

ដូចកាលពីចុងសប្តាហ៍មុនៗដែរ នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន ២០០នាក់ បានធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយតាមរថយន្តចំនួន ១៣គ្រឿង ចេញពីរាជធានីភ្នំពេញនៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាននៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។

ដូចការគ្រោងទុក ដំណើរទស្សនកិច្ចពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១ នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹក ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីទៅពិនិត្យទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ។ លើសពីនេះទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពពិតនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។

ក្រោយពីបានចុះពិនិត្យ និងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចយើងបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់ភ្នំពេញវិញល្ងាចថ្ងៃសៅរ៍ដដែលនេះ។

នេះជាដំណើរទស្សនកិច្ចលើកទី៧ហើយ រាប់ចាប់តាំងពីដំណើរលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីដើមខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ដោយមានអ្នកចូលរួមសរុបប្រមាណ ១ ៣១១នាក់។ ដំណើរទស្សនកិច្ចប៉ែកឦសានទាំង៧លើកនេះ បានជូនប្រជាពលរដ្ឋទៅមើលស្ថានភាព ទីតាំងបង្គោលព្រំដែន និងការគ្រប់គ្រងក្នុងតំបន់តាមបណ្តោយក្រវាត់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។ សូមបញ្ជាក់ជូនថាសន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋបានបន្តកើនឡើង ហើយបើផ្អែកតាមបច្ចុប្បន្នភាពនៃចំនួនអ្នកចុះឈ្មោះ ដែលក្រុមការងាររៀបចំដំណើរទស្សនកិច្ចបានបូកសរុបមកទល់ពេលនេះ មានអ្នកបានឈ្មោះចំនួនប្រមាណ ៣ ៥០០នាក់ ហើយ។ មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើងមកពីគ្រប់មជ្ឈដ្ឋានបានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានងាយៗ និងដោយអនុវត្តគោលការណ៍ចុះឈ្មោះមុន បានចូលរួមក្នុងដំណើរទស្សនកិច្ចមុន។

ដោយឡែកដំណើរទស្សនកិច្ចចំនួន៦លើកកន្លងទៅបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីព្រះសង្ឃ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីទាំងអស់ ដែលបានចូលរួម ដោយបានបញ្ជាក់គ្រប់ៗគ្នាថាបានទទួលនូវបទពិសោធន៍ដ៏ល្អ និងប្រកបដោយសុវត្ថិភាពពីដំណើរទស្សនកិច្ចនេះ។

ដំណើរទស្សនកិច្ចពលរដ្ឋប្រភេទនេះជាការរៀបចំដំបូងបង្អស់ហើយនៅកម្ពុជា ឬនៅក្នុងតំបន់ផងដែរ និងបានជម្រះអស់មន្ទិលជុំវិញបញ្ហាព្រំដែននាពេលកន្លងមក ព្រោះដំណើរទស្សនកិច្ចនេះបានបង្កើតសក្ខីកម្មរស់របស់ប្រជាពលរដ្ឋដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ស្តីពីការពិត និងស្ថានភាពជាក់ស្តែងឥតប្រកែកបានពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនកម្ពុជាបានយ៉ាងគត់មុត និងប្រកបដោយការការពារយ៉ាងពេញលេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់បន្ថែមទៀតដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការពារសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ខណៈបន្តលើកកម្ពស់ផ្នែកសង្គម-សេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ក្រវាត់ព្រំដែន និងការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់មានភាពរីកចម្រើនឡើងថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *