រដ្ឋសភាកម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក
ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤
MoINFO APP
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ បានអញ្ជើញដល់ទីក្រុងប៉េកំាងប្រកបដោយសុវត្ថិភាព នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៥ថ្ងៃ នៅទីក្រុងប៉េកំាងនិងក្រុងសៀងហៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
ក្នុងដំណើរនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី នៅវិមានសភាតំណាងប្រជាជនចិន នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ។
ជាមួយគ្នានោះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរផងដែរ។
ឯកសារទាំងពីរនេះ នឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀត ដល់ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិតរវាងសភាប្រទេសទំាងពីរ។
សូមបញ្ជាក់ជូនថាបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹង អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងសៀងហៃ និងភាគីមិត្តចិនមួយចំនួនទៀត៕