យុវជនដែលត្រឡប់មកពីទស្សនកិច្ចនៅតាមព្រំដែនតំបន់ឦសានមានអី្វនិយាយខ្លះ?
ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤
ប្រជាពលរដ្ឋ៦០០នាក់ដែលបានចូលរួមក្នុងដំណើរទៅមើលបង្គោលព្រំដែនប៉ែកឦសានកាលពីថ្ងៃទី២១កញ្ញា បានត្រឡប់មកវិញដោយការភ្ញាក់ផ្អើលក្នុងចិត្តហើយចង់និយាយចេញមក។
យោងតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលដឹកនាំផ្ទាល់ដំណើរទស្សនកិច្ចទៅតំបន់ត្រីកោណមាសនេះ បានស្រង់ចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ពិសេយុវជនមកបង្ហោះនៅលើបណ្តាញសង្គមដែលថា «បន្ទាប់ពីបានចុះមកទស្សនកិច្ចដោយផ្ទាល់ នៅតាមព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ទើបបានភ្លឺច្បាស់នឹងភ្នែកថា ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង មានភាពច្បាស់លាស់ និងមិនបានបាត់ដីទៅឱ្យប្រទេសជាតិខាង ដូចការផ្សព្វផ្សាយចោទប្រកាន់ពីសំណាក់ក្រុមប្រឆាំងនោះទេ»។
យុវជនម្នាក់ថា «ពេលដែលទៅឃើញផ្ទាល់ដល់ព្រំដែន បានបង្ហាញការពិតពីស្ថានភាពព្រំដែន មិនដូចការចោទប្រកាន់របស់បុគ្គលមួយចំនួនតូចទេ និងមិនមានការព្រួយបារម្ភចំពោះបញ្ហាព្រំដែននោះទេ»។
យុវជនម្នាក់ទៀតថា«ព្រំដែនកម្ពុជាមានបង្គោលរឹងមាំ មិនអាចឱ្យ បរទេសណារំលោភបំពានបានឡើយ សូម្បីតែ ១មីលីម៉ែត្រ, សូមកុំជឿតាមការញុះញង់ របស់ក្រុមប្រឆាំងពីបញ្ហាព្រំដែន»។
យុវជនទាំងអស់ដែលធ្វើដំណើរមកឦសាននេះ គឺមិនដែលបានឃើញបង្គោលព្រំដែនពីមុនមកទេ ដូចនេះពួកគេងាយជឿការឃោសនាបំភ័យអំពីក្រុមប្រឆាំងក្រៅស្រុក។
សម្រង់មតិនិងការចាប់អារម្មណ៍របស់យុវជននេះបានកើតឡើងបន្ទាប់ពីក្រសួងព័ត៌មានដែលមានតួនាទីជាអ្នកសម្របសម្រួលដឹកនាំដំណើរទស្សនកិច្ចប្រជាពលរដ្ឋទៅទស្សនាបង្គោលព្រំដែនចំនួន៧ ទីតាំង ដែលជាបង្គោលមេ ទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោលតម្រុយព្រំដែនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។
យុវជនដែលបានចូលរូមក្នុងដំណើរទស្សនកិច្ចនេះ ក៏មានឱកាសទទួលបានការពន្យល់បង្ហាញអំពីកិច្ចការបោះបង្គោលព្រំដែននិង ការការពារខ្សែបន្ទាត់ព្រំដែនពីមន្ត្រីជំនាញព្រំដែន ពីមន្ត្រីកងទ័ពការពារព្រំដែននិងពីអភិបាលខេត្តផងដែរ។
សរុបសេចក្តីទៅយុវជនដែលបានចូលរួមដំណើរទស្សនកិច្ចទៅឦសាន្តដែលថ្លៃចំណាយជាបន្ទុកសម្តេចធិបតីហ៊ុន ម៉ាណែត នេះ ក្រៅពីកំសាន្តសប្បាយ អ្នកចូលរួមទទួលបានចំណេះដឹងពីការងារការពារព្រំដែន ដែលបានស្វែងយល់សភាពការណ៍ពិត និងបកអាក្រាតព័ត៌មានភូតភរបោសប្រាស់ពីក្រុមប្រឆាំង។
សូមរំលឹកថា ដំណើរទស្សនកិច្ចទៅឦសានដើម្បីពិនិត្យមើលបង្គោលព្រំដែននេះ ត្រូវបានសម្តេចធិបតីហ៊ុន ម៉ាណែត ផ្តួចផ្តើមឡើងដោយផ្ទាល់ជាការឆ្លើយតបចំពោះក្រុមប្រឆាំងដែលឃោសនាបំផ្លើសការពិតថា កម្ពុជាបានបាត់ដី៤ខេត្តទៅអោយប្រទេសវៀតណាមនោះ។