អត្ថបទពណ៌នាស៊ីជម្រៅ៖ មុខមាត់ពិតនៃឧក្រិដ្ឋកម្មអនឡាញ! ប្រាក់ចំណូលខ្ពស់ជាអន្ទាក់ អន្ទងឱ្យមានជនរងគ្រោះ និងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងស្លាកស្នាមសេដ្ឋកិច្ចខ្មៅ និងប្រផេះ

អត្ថបទពណ៌នាស៊ីជម្រៅ៖ មុខមាត់ពិតនៃឧក្រិដ្ឋកម្មអនឡាញ! ប្រាក់ចំណូលខ្ពស់ជាអន្ទាក់ អន្ទងឱ្យមានជនរងគ្រោះ និងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងស្លាកស្នាមសេដ្ឋកិច្ចខ្មៅ និងប្រផេះ
ចេញផ្សាយ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP

“សូមកុំផ្សងព្រេងនឹងព័ត៌មានមិនពិតថាលុយស្រួលរក“ នេះគឺជាសាររបស់យុវជនឥណ្ឌូនេស៊ី វ័យ២២ឆ្នាំម្នាក់ ដែលធ្លាប់បានជាប់គាំងនៅកម្ពុជាជាង៣ឆ្នាំ ដោយសារតែចាញ់បោកមិត្តភក្តិមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជា។​

និយាយជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅភ្នំពេញ កាលពីពេលថ្មីៗនេះ យុវជន ដែលមកពីទីក្រុងសូឡាវេស៊ីខាងលិច (West Sulawesi)​ បាននិយាយថា រូបគេបានមកប្រទេសកម្ពុជាតាំងពីអំឡុងឆ្នាំ២០២២ ដោយប្រើទិដ្ឋាការទេសចរណ៍។

អេនឌី អាហ្គូស ឈ្មោះដែលអ្នកយកព័ត៌មានដាក់ជូន បានអះអាងថា រូបគេបានមកប្រទេសកម្ពុជានៅពេលដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដោយសង្ឃឹមថា​ មករកការងារធ្វើដែលមានប្រាក់ចំណូលមួយខែពី ៨០០ ​ទៅ ១ ០០០ ដុល្លារ ។ អេនឌី បានអះអាងថា “ ខ្ញុំសម្រេចចិត្តចាកចេញពី សូឡាវេស៊ីខាងលិច ជាមួយនឹងមិត្តភក្តិ ដោយសារមិត្តម្នាក់ប្រាប់ថា នៅកម្ពុជាសំបូរការងារ។ ការងារស្រួលហើយបានប្រាក់ខែខ្ពស់ “។

តាមការរៀបរាប់របស់ អេនឌី នៅពេលមកដល់កម្ពុជាដំបូង រូបគេ និងមិត្តម្នាក់ទៀតត្រូវបានបញ្ជូនទៅខេត្តព្រះសីហនុ ដោយសន្យាថា ឱ្យប្រាក់ខែ ៨០០ដុល្លារ នៅក្នុងមួយខែ ប៉ុន្តែនៅពេលដែលបើក រូបគេអាចទទួលបានមិនដល់ ២០០ដុល្លារផង ដោយសារក្រុមហ៊ុនកាត់ថ្លៃស្នាក់នៅ ថ្លៃធ្វើដំណើរ និងថ្លៃហូបចុក ជាដើម។​

អេនឌី បានបដិសេធមិននិយាយអំពីការងារដែលរូបគេទទួលខុសត្រូវនោះទេ ដោយគ្រាន់តែនិយាយថា ថៅកែក្រុមហ៊ុននោះគឺចិន ហើយរូបគេធ្វើការជុំគ្នាជាមួយនឹងមិត្តភក្តិដែលមកជាមួយនោះតែមួយខែទេ ហើយក៏បែកគ្នារហូត ដោយឡែកមិត្តភក្តិដែលបបួលរូបគេមកធ្វើការនៅកម្ពុជាក៏រូបគេមិនដែលបានជួបគ្នាដែរតាំងពីមកដល់កម្ពុជា។​

អេនឌី បានបន្តថា តាំងពីរូបគេមកដល់កម្ពុជា រូបគេត្រូវបានថៅកែចិននាំទៅធ្វើការជាច្រើនកន្លែង តាំងពីខេត្តព្រះសីហនុ មណ្ឌលគីរី កំពត ប៉ោយប៉ែត​ បាវិត ហើយចុងក្រោយគេគឺភ្នំពេញ ហើយរូបគេអាចរួចខ្លួនបានគឺក្រោយពេលសមត្ថកិច្ចបង្រ្កាប។ ​

បុរសប៉ាគីស្ថានមួយរូប ដែលជួបនិយាយគ្នានៅកន្លែងចំណតមួយនៅលើកំណាត់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បាននិយាយថា រូបគេបានមកកម្ពុជានេះនៅក្នុងបំណងមករកការងារធ្វើ ហើយក៏មកជាប់គាំងនៅខេត្តព្រះសីហនុ។ បុរសរូបនោះបានអះអាងថា នៅពេលនេះរូបគេកំពុងតែរកផ្លូវត្រឡប់ទៅស្រុកវិញក្រោយថៅកែចិនបានរត់ចោលពួកគេប្រហែលជាមួយសប្តាហ៍មកហើយ។

បុរសប៉ាគីស្ថានរូបនេះ មិនខុសពី អេនឌី ទេ ដោយសារតែរូបគេបានធ្លាក់នៅក្នុងអន្ទាក់ក្រុមឧក្រិដ្ឋកម្មអនឡាញនេះ តាមការណែនាំ និងអូសទាញពីអ្នកស្គាល់គ្នា ហើយពួកគេមិនអាចទៅណាមកណាស្រេចចិត្តបានឡើយ ដោយសារតែមានមេគ្រប់គ្រង តឹងរ៉ឹងច្បាស់លាស់។ ការដែលពួកគេទាំងពីរចេញហើយនិយាយបែបនេះ គឺក្រោយពេលដែលថៅកែ និងក្រុមការងាររត់ចោលពួកគេអស់​។

Leave a Reply

Your email address will not be published. Required fields are marked *